(កំពង់ធំ)៖ ដោយស្មារតីយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងផងនោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឆ្លៀតដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកចំនួន ២១គ្រួសារ ដល់លំនៅដ្ឋានផ្ទាល់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ និងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សកម្មភាពនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយក្នុងឱកាសនោះ លោក សុខ លូ បានផ្ដាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេចនៅជាមួយជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។
លោកបន្ថែមថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរបន្ថែមទៀត និងដាំបន្លែបង្ការវិលជុំ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើជាដើម។
បន្ទាប់ពីសំណេះសំណាលរួចមក លោកក៏បានប្រគល់អំណោយ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២បាវ (៥០kg) មី២កេះ ទឹកបរិសុទ្ធ៤យួរ ធុងចម្រោះទឹក១ និងថវិកាមួយចំនួន។
ក្នុងពិធីចែកអំណោយនោះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស ជាពិសេសបានចុះផ្ទាល់ដល់កន្លែង និងឃើញជាក់ស្តែងនូវជីវភាពក្រីក្រលំបាករបស់ពួកគាត់៕