Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការយោធភូមិភាគទី៣ ប្រកាសថ្កោលទោសការប្រមាថយ៉ាងធ្ងន់ធ្ងររបស់ សួន សេរីរដ្ឋា មកលើកងទ័ព និងចាត់ទុកថា ជាទង្វើក្បត់ជាតិ

14-08-2017 11:29

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានប្រកាសថ្កោលទោស ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងររបស់បុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មកលើកងទ័ព និងបានចាត់ទុកថានេះជាទង្វើក្បត់ជាតិ។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះសារមានចេតនាញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញកងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានបញ្ជាក់ថា បញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមថ្កោលទោសចំពោះ លោក សួន សេរីរដ្ឋា ចាត់ទុកការប្រព្រឹត្ត​របស់លោក សួន សេរីរដ្ឋា ជាទង្វើក្បត់ជាតិ។ បញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។

យោធភូមិភាគទី៣ សូមគាំទ្រនិងស្ងើចសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដោះស្រាយ បញ្ហាព្រំដែនជាមួយ ភាគីឡាវដោយសន្តិវិធី ការពារគង់វង្សនូវបូរណ​ភាព​ទឹកដី អធិបតេយ្យជាតិដោយគ្មានការបង្ហូរឈាម។

យោធភូមិភាគទី៣ សូមប្តេជ្ញាបន្តបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួនស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ។ ត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល៕