Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ប្រកាសថ្កោលទោស សួន សេរីរដ្ឋា ហើយស្នើតុលាការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ករណីប្រមាថដល់កងទ័ព និងប្រមាថព្រះ​ជេស្ដា ព្រះមហាក្សត្រខ្មែរ (Video inside)

14-08-2017 11:15

(ភ្នំពេញ)៖ ពីទីក្រុងបាងកក ប្រទេសថៃ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ​តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរ ដល់វីរៈកងទ័ពកម្ពុជាថា ជា​កងទ័ពចោរ និងប្រមាថព្រះជេស្ដា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានស្នើឱ្យតុលាការ ដាក់ទោសតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គល សួន សេរីរដ្ឋា។

ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថ ដល់វីរៈកងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

ដោយឡែកសារប្រមាថ ​របស់លោក សួន សេរីរដ្ឋា ដែលត្រូវបាន Facebook «កូននាគអាស៊ី» ទម្លាយនោះបានសរសេរយ៉ាងដូច្នេះថា៖

«សូមក្រុមសមាជិក​ KPPM នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយឲ្យបានមកឲ្យខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គឺឯកសារ ដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំ នឹងវ៉ៃមួយឈុតនេះឲ្យល្អមើលកក្រើកក្នុងឆ្នាំ២០១៦នេះ។ សូមជួយរកឲ្យឃើញ យកឲ្យបានឯកសារឲ្យខ្ញុំ។

ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឲ្យធ្លាយវាំងតែម្ដង។ ចាំមើលស្ដេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? ហើយពួកយួន នៅក្នុងបក្សប្រជាជន រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់ពួកវា ញាត់ចូលមាត់ពួកវា ឲ្យខាំកន្ទុយខ្លួនឯងវា ហើយយើងចាំឈរមើល!»