(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមឃុំនានា ក្នុងស្រុកប្រាសាទបល្ល័ង្ក ខិតខំពង្រីក ពង្រឹងការងារគណបក្ស និងរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីត្រៀមបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ឲ្យទទួលបានជោគជ័យទាំងស្រុង។
ការណែនាំខាងលើមានការចូលរួមពីសំណាក់លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក រួមទាំងប្រធានក្រុមការងារឃុំ ប្រមាណជាង ១០០នាក់ នារសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅទីស្នាក់ការបក្សគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក។
លោក សុក ផេង បានណែនាំឲ្យថ្នាក់ដឹកនាំបក្សឃុំ និងភូមិរៀបចំខ្លួនឲ្យក្លាយជាភាពជាអ្នកដឹកនាំ ដើម្បីដឹកនាំគេបាន គឺប្រធានក្រុមបក្សត្រូវតែក្លាយខ្លួនឲ្យសមរម្យ រៀបចំទំាងកាយវិការ អត្តចរិក ទាំងឯកសណ្ឋាន ឲ្យមានលក្ខណៈជាអ្នកដឹកនាំ ដើម្បីឲ្យសមាជិកបក្សទាំងអស់ មានទំនុកចិត្ត និងផ្ញើវាសនាពឹងពាក់ និងមានលទ្ធភាពដោះស្រាយគ្រប់បញ្ហា ក្រុមការងារត្រូវមានភាពទទួលខុសត្រូវ បែងចែកតួនាទីការងារឲ្យបានច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ការទទួលជោគជ័យ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ជា អឿង បានបញ្ជាក់បន្ថែមនូវខ្លឹមសារល្អដល់ប្រធានក្រុមការងារបក្ស ហើយបានផ្តាំផ្ញើណែនាំឲ្យប្រធានក្រុមការងារបក្សឃុំ ជំរុញឲ្យសមាជិកបក្សទាំងអស់ទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ និងបន្តធ្វើបច្ចុប្បន្នភាពដើម្បីបង្កើនសមាជិកបក្ស និងត្រូវសិក្សាពីគោលបំណងនិងសេចក្តីត្រូវការរបស់សមាជិកបក្ស ពន្យល់ណែនាំឲ្យប្រជាពលរដ្ឋគាត់យល់ និងស៊ីជម្រៅពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារបក្សទាំងអស់ត្រូវតស៊ូពង្រឹងសមត្ថភាពខ្លួន ក្នុងភាពជាអ្នកដឹកនាំកុំមានការអាក់អន់ចិត្ត និងមានរាថយនូវពាក្យញុះញ៉ុងឃោសនារបស់បក្សដទៃ។
លោកបានបញ្ជាក់ថា ក្រោយពីមានការកំណែទម្រង់ច្បាប់ស្តីពីការបោះឆ្នោត គឺមិនអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយទាំងអស់ យកឈ្មោះរបស់ខ្លួន ឬជារូបថតបុគ្គល ធ្វើជារូបសញ្ញាគណបក្សនយោបាយតទៅទៀតនោះទេ គ្រប់រូបសញ្ញាគណបក្សដែលមានរូបបុគ្គលត្រូវបញ្ឈប់ និងដោះចេញឲ្យបានជាបន្ទាន់ និងត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មហាជន ចៀសវាងយកស្លាកសញ្ញាបុគ្គលប្រើប្រាស់បន្តទៀត និងខិតខំពង្រឹងការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ៕