(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅ ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព ស្ថាប័នជំនាញជុំវិញខេត្ត សរុបជាង៣០០នាក់។
លោក ថង សាវុន អភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពី លទ្ធផលការងារក្នុងឆមាសទី១ ដើមឆ្នាំ២០១៧កន្លងមកនេះ ត្រូវធ្វើការពិភាក្សាឆ្លុះបញ្ចាំងបទពិសោធ បញ្ហាប្រឈម និងការកំណត់យុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលគ្រប់ថ្នាក់ សំដៅលើកកម្ពស់សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសផ្តល់ភាពជឿជាក់ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រមជាមួយការយកចិត្តទុកដាក់ឆ្លើយតបការ ផ្តល់សេវាសំណូមពរ និងសេវាតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន ។
អភិបាលខេត្ត បន្តថា កិច្ចប្រជុំនេះបានលើកយកប្រធានបទសំខាន់ៗចំនួន៤ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងរួមមាន៖
ទី១៖ ការគាំទ្រ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការអនុវត្តសិទ្ធិ សេរីភាពបញ្ចេញមតិ តាមរយៈការចូលរួមរបស់អង្គការសង្គមស៊ីវិល និងតាមរយៈការតវ៉ាប្រឆាំងនានា សំដៅទប់ស្កាត់អំពើញុះញ៉ុង បង្ករហិង្សា និងចលាចលក្នុងសង្គម។
ទី២៖ កិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ មានជាអាទិ៍ ការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការការជំរុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ព្រមទាំងការខិតខំសម្របសម្រួល ដោះស្រាយបញ្ហានានានៅមូលដ្ឋាន។
ទី៣៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទី៤៖ ការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបប ធ្វើការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលនៅគ្រប់ថ្នាក់៕