(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចែកសញ្ញាបត្រលើកដំបូង នៅឆ្នាំ១៩៩៦ ហើយសម្តេចតេជោ បានថ្លែងថា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសិស្សប្អូនរបស់សម្តេច ដោយសារសម្តេចបានចុះឈ្មោះចូលរៀនបរិញ្ញាបត្រតាំងពីឆ្នាំ១៩៩៨។
* សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែដល់បុគ្គលិកបណ្ណាល័យ ហ៊ុន សែន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពី១,៤៤០,០០០រៀល ឡើងទៅ ៣លានរៀល ដោយចាប់ផ្តើមពីខែសីហានេះតទៅ
* ខណៈដែលការប្រឡងបាក់ឌុប ជិតចូលមកដល់ នៅថ្ងៃទី២១-២២ សីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោកគ្រូ អ្នកគ្រូ មាតាបិតា ឲ្យខិតខំបំពាក់បំប៉នកូនសិស្ស ហើយអំពាវនាវ ឲ្យសិស្សខិតខំរៀនសូត្រ
* សម្តេចតេជោ ហ៊ុន សែន សរសើរដល់ប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន៖ ធនធានមនុស្សរបស់កម្ពុជា ក៏កំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃផងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរម្តងទៀតដល់កុមារទេព គឹម ហុង ដែលមានទេពកោសល្យខ្ពស់ ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យា ទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បើសិនជាយើងមានក្មេងច្រើន មានទេពកោសល្យអច្ឆៈរិយៈ ដូចកុមារ គឹម ហុង យើងនឹងខិតខំជួយ
* សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចធ្លាប់ទៅកាន់ប្រទេសជប៉ុនចំនួន២១លើក ចាប់តាំងពីប្រទេសទាំងពីរ បើកកិច្ចសហប្រតិបត្តិការជាមួយគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅជប៉ុន គឺទទួលបានជោគជ័យសម្រាប់កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមិនដាក់ការហាមឃាត់ចំពោះការនាំចូលរថយន្តមួយទឹកនោះទេ
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុងភ្នំពេញបើរថយន្តទាំងអស់ចេញ១០០ភាគរយ គឺស្ទះទាំងអស់ ទោះចេញតែត្រឹម៣០ភាគរយ ក៏នៅតែស្ទះដែរ,
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថរបស់លោក សួន សេរីរដ្ឋា មិនអាចទទួលយកបានទេ ចំពោះការប្រមាថថា មេទ័ពកម្ពុជាជាចោរ។ នេះជាបទល្មើសជាក់ស្តែង ត្រូវតែចាប់វ៉ៃខ្នោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារប្រមាថថា «ទាត់ឲ្យធ្លាយវាំង» របស់ សួន សេរីដ្ឋា នោះ ពេលនេះសាមីខ្លួនបានសារភាពហើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកណាដែលអត្ថាធិប្បាយថារឿងឡាវចូលទឹកដីខ្មែរ ហើយបែរជាអត្ថាធិប្បាយថា ជានយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីចំណេញសន្លឹកឆ្នោត នោះត្រូវតែចាប់ខ្លួនតែម្តង។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការទៅចរចាជាមួយនាយករដ្ឋមន្រ្តីឡាវ ករណីកងទ័ពចូលទឹកដីកម្ពុជា មិនមែនជាការអោនក្បាលនោះទេ ប៉ុន្តែជាយុទ្ធសាស្រ្តនយោបាយ ដើម្បីចំណេញរៀងខ្លួន។ បើគ្មានយុទ្ធសាស្រ្តនេះទេ ប្រហែលជាពេលនេះ នេះឡាវមិនព្រមដកទ័ពនោះឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងនាយករដ្ឋមន្រ្តីឡាវ មិនបានទទួលលិខិតរបស់សម្តេចតេជោដែលស្នើឲ្យដកទ័ព គឺជាកំហុសរបស់ រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ។ សម្តេចថ្លែងថា បើនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសបែបនេះ នឹងត្រូវដកចេញតែម្តង ព្រោះមិនបានបញ្ចូនលិខិតភ្លាមៗទៅកាន់ថ្នាក់លើ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបង្កើតកម្មវិធី WhatsApp ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីងាយស្រួលទំនាក់ទំនងគ្នា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា-ឡាវ គឺជាមិត្ត មិនត្រូវផ្ទុះសង្រ្គាមជាមួយគ្នាឡើយ, បើខ្ញុំមិនទៅចរចា សង្រ្គាមនឹងផ្ទុះឡើងតែម្តង។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកនិយាយថាការចរចារបស់ខ្ញុំជាមួយនាយករដ្ឋមន្រ្តីឡាវ គឺជាការអោនក្បាល នោះជាការយល់ខុស, ឡាវមិនមែនសត្រូវកម្ពុជាទេ
* ឆ្លើយតបនឹងអ្នករិះគន់ សម្តេចតេជោ ហ៊ុន សែន ថ្លែងខ្លាំងៗថា បើធ្វើនាយករដ្ឋមន្រ្តី មិនអាចបញ្ជាទ័ព បញ្ជាកម្លាំងប្រដាប់អាវុធបាន កុំធ្វើជានាយករដ្ឋមន្រ្តី, នេះមិនគិតដល់ឋានៈសម្តេចជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ និងឧត្តមក្រុមប្រឹក្សាការពារជាតិផង។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខ្ញុំមិនប្រើតួនាទីប្រធានគណបក្សប្រជាជនបញ្ជាទ័ពទេ គឺខ្ញុំប្រើតួនាទីជានាយករដ្ឋមន្រ្តី, សូមលោកដែលតាំងខ្លួនជាបណ្ឌិត មួយចំនួនបើមិនចេះទេ បិទមាត់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សួន សេរីរដ្ឋា ទៅឡើងប៉ុស្តិ៍ទូរទស្សន៍អាវលឿងរបស់ថៃ ខណៈដែលក្រុមនេះលើកទ័ពឈ្លានពានប្រាសាទព្រះវិហារ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើអ្នកឯងចង់ធ្វើបដិវត្តន៍ឬយ៉ាងណា ? បានជាអ្នកឯងមិនចង់ឲ្យទ័ពធ្វើតាមបញ្ជានាយករដ្ឋមន្រ្តី ឬការពាររដ្ឋាភិបាល
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទ័ពបង្កើតឡើងដើម្បីការពារប្រទេស ឯគុកបង្កើតឡើងដើម្បីដាក់អ្នកទោស។
* ថ្លែងចេញពីរាជធានីភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណចំពោះនាយករដ្ឋមន្រ្តីឡាវ ដែលបានជួយដោះស្រាយបញ្ហាកងទ័ពចូលទឹកដីខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ហើយជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសជិតខាង។ អ្វីដែលកើតឡើងមួយរយៈកន្លងមកប្រៀបបីដូចជាសុបិន្តអាក្រក់ ប៉ុន្តែនឹងមិនឲ្យវាកើតឡើងទៀតឡើយ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការតាមច្បាប់ ដល់អ្នកធ្វើអត្ថាធិប្បាយប្រមាថដល់សន្តិសុខជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សួន សេរីរដ្ឋា មានទោសផ្សេងៗទៀត ដែលធ្ងន់ធ្ងរជាងទោសញុះញង់ប្រមាថដល់កងទ័ពថាជាទ័ពចោរ នោះគឺការប្រមាថព្រះមហាក្សត្រ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ជាសំណួរថា បើមេបក្សប្រព្រឹត្តល្មើសធ្ងន់ធ្ងរបែបនេះ តើគណបក្សអំណាចខ្មែរ អាចត្រូវរំលាយឬទេ?។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៤៣នាទី, សូមអរគុណចំពោះការទស្សនការផ្សាយផ្ទាល់តាមរយៈ Fresh News TV