(ភ្នំពេញ)៖ រយៈពេល៤៨ម៉ោងហើយដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានបាញ់ក្រសែភ្នែករបស់ខ្លួន តាមដានស្ថានការណ៍នៃវត្តមានកងទ័ព ឡាវលើទឹកដីខ្មែរនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈភាគីឡាវតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួនបានសន្យាថា នឹងដកកងទ័ពឱ្យអស់ពីតំបន់ ដែលខ្លួនបានឈរជើងតាំងពីខែមេសា ឆ្នាំ ២០១៧ មកឱ្យចប់សព្វគ្រប់នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ។
ក្នុងរឿងនេះ រាស្ត្រស្ទើរមួយនគរបានថ្កោលទោសលើវត្តមានទ័ពរបស់ឡាវនៅលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឈឺឆ្អាលជួយលើកទឹកចិត្ត ផ្តល់ការគាំទ្រដល់កម្លាំងនៃកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារជាតិ ការពារទឹកដីពីការរំលោភឈ្លានពានណាមួយរបស់បរទេស។ ជាមួយគ្នានេះ រាស្ត្រស្ទើរមួយនគរបានរីករាយអបអរជ័យជម្នះ នៃការចរចាបែបឈ្នះ-ឈ្នះដែលសម្តេចតេជោ ហ៊ុន សែន បានអនុវត្តជាមួយភាគីឡាវដោយឡាវបានសម្រេចដកកងទ័ពចេញពីទឹកដីកម្ពុជា។
ប៉ុន្តែបក្សប្រឆាំងនៅកម្ពុជាហាក់ ដូចជាធ្វើគធ្វើថ្លង់នឹងបញ្ហាអាយុជីវិតរបស់ជាតិនេះដោយគ្មានការថ្កោលទោស ឬការអបអរសាទរ និងការលើកទឹកចិត្តវិរកងទ័ពបន្តិចឡើយ។ ទង្វើពេលនេះក៏ដូចជាលើកមុនៗដែរ បក្សប្រឆាំងមិនដែលចេញមកឈឺឆ្អាលការរំលោភឈ្លានពឆនរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ឬអបអរសាទរចំពោះមោទនភាពជាតិដែលក្រុមកីឡាករខ្មែរទទួលបានមេដាយជូនជាតិ ឬក៏ការដាក់តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកឡើយ។ តើពេលជាតិមានគ្រោះអាសន្ន អ្នកដែលាធ្លាប់ស្រែកថាស្នេហាជាតិ ស្នេហាមាតុភូមិ ស្នេហាប្រជាជនសម្ងំសុខនៅទីណាទៅ បានជាស្ងាត់ដូចចោរលួចសេះដូច្នេះ ខណៈជាតិ និងប្រជាជនត្រូវការអ្នកជួយសង្គ្រោះ និងការពារខ្លួនទប់ទល់នឹងការលុកលុយរបស់បរទេសឈ្លានពាន ការពារបូរណភាពដែនដី?
នេះដូចពាក្យចាស់បុរាណខ្មែរលើកឡើងមែន «ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន»។ ឯណាទៅអ្នកសង្គ្រោះជាតិពេលស្រុកទេសមានសន្តិភាពនោះ? រហូតមកដល់ពេលនេះ សូម្បីតែពាក្យមួយម៉ាត់ថ្កោលទោស ឬអបអរក៏គ្មានចេញពីមាត់មេដឹកនាំបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនផង ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិខ្លះ ក្នុងនោះក៏មាន ឡៅ ម៉ុងហៃ អតីតទីប្រឹក្សា កឹម សុខា និងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងរបស់បក្សសង្គ្រោះជាតិបែរជាមកនិយាយថាគឺជា យុទ្ធសាស្ត្រនយោបាយទៅវិញ។ ឡៅ ម៉ុងហៃ ដែលតាំងជាអ្នកវិភាគឯករាជ្យលម្អៀងផ្កាប់មុខ មិនគួរយករឿងអាយុជីវិតជាតិ បូរណភាពដែនដីមកបកស្រាយដើម្បីតម្រូវចិត្តបក្សរបស់ខ្លួនទេ ហើយសន្មតដោយគ្មានវិចារណញ្ញាណថាជាយុទ្ធសាស្ត្រដើម្បីរកសំឡេងឆ្នោតទៅវិញ។ តើពេលហារស្រដី ឡៅ ម៉ុងហៃ មានបានយកជាតិជាធំទេ? ឬក៏បក្សសង្គ្រោះជាតិដែលឡៅ ម៉ុងហៃ កំពុងជ្រកកោន ក្រោមរូបភាពអ្នកវិភាគឯករាជ្យ ខ្លាចអន់បានជាមិនចូលរួមជាមួយប្រជាពលរដ្ឋខ្មែរដែលឈឺឆ្អាលលើរឿងជាតិ? ឬក៏ខ្លាចបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋដោយសារតែទទួលស្គាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា? និងដោយសារតែមួយផ្នែកទៀតចេញពីទង្វើចោលម្សៀតរបស់មេឃុំចៅសង្កាត់សមាជិកក្រុមប្រឹក្សាបក្សខ្លួននៅឯមូលដ្ឋាន ដែលមិនមានចំណេះដឹង មិនយល់ពីការងារប្រព្រឹត្តអំពើខុសច្បាប់នានា និងភាពស្នេហាជាតិតែបបូរមាត់ក្រៅរបស់ក្រុមលោក?
បើថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិពិតជាអ្នកស្រឡាញ់ជាតិ និងប្រជាជនពិតប្រាកដ ម៉្លេះសមពួកគេលះបង់អស្មិមានៈរបស់ខ្លួន និងកៀកស្មាជាមួយប្រជាជននិងរាជរដ្ឋាភិបាលដើម្បីការពារជាតិ មិនចូលរួមដោយផ្ទាល់ក៏បាន គ្រាន់តែពាក្យសម្តីក៏អស់ចិត្ត ប៉ុន្តែពួកគេចាញ់ទាំងប្រជាជនសាមញ្ញទៀតដែលពួកគេសុខចិត្តលះបង់ដើម្បីចូលរួមផ្តល់កម្លាំងចិត្ត និងផ្តល់សាមគ្គីភាពក្នុងការប្រឆាំងនឹងការឈ្លានពានបរទេស។ ប៉ុន្តែពួកគេសម្ងំសុខ និង ស្វះស្វែងយុទ្ធសាស្ត្រទុច្ចរិតដើម្បីដណ្តើមអំណាចតាមយុទ្ធសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ ដូចដែលបក្សនេះបាននិងកំពុងប្រើទីប្រឹក្សាលាក់មុខរបស់ខ្លួន គឺឡៅ ម៉ុងហៃ និងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ខ្លួនមកបង្វែរស្ថានការណ៍ បំភ័ន្តរាស្ត្រមួយចំនួន។
បក្សប្រឆាំងគួរចងចាំថា តាមការទស្សន៍ទាយរបស់ហោរាថៃលោក ភិនយ៉ូ កន្លងទៅ បាននិយាយថា ពេលវេលានេះអាក្រក់បំផុតសម្រាប់គណបក្សប្រឆាំងរបស់ដូចអ្នកលេងអុកអ៊ីចឹងគឺ «អស់ផ្លូវ អស់ក្រឡាដើរ ទាល់ច្រក និងគេព័ទ្ធជិត» ហើយមានតែវិធីម្យ៉ាងគត់ គឺបោះទូក បោះសេះ ឲ្យសត្រូវស៊ី ដើម្បីការពារខ្លួនតែប៉ុណ្ណោះ ។ លោក ភិនយ៉ូ និយាយបន្ថែមដោយសម្តីខ្លាំងៗទៀតថា ទាំងលោក សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា មើលស្រាលលើសមត្ថភាពដ៏ខ្លាំងក្លាប្រកបដោយថាមពល និងភាពប៉ិនប្រសប់របស់លោក ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាតិ ។ មានពេលខ្លះ ពួកគាត់ (សម រង្ស៊ី កឹម សុខា) ចង់ប្រើស្នៀតបំភ័ន្ត បំផ្លើស ដោយលើកយកបញ្ហាជាច្រើនមកបន្លំ និងផ្លាស់ប្តូរស្នៀតពីមួយទៅមួយ ប៉ុន្តែលោក ហ៊ុន សែន ងាយនឹងមើលឃើញពីការបង្វែរសាច់រឿងនោះ និងដឹងពីចំណុចខ្សោយរបស់ពួកគេ ក៏វ៉ៃបំបាក់បានមុន បានធ្វើឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងគ្មានអ្វីក្រៅពីទទួលរងនូវភាពបរាជ័យផ្ទួនៗ ងើបមុខមិនរួច ។
លោក ភិនយ៉ូ បានបញ្ជាក់ថា គណបក្សប្រឆាំងនៅកម្ពុជា ខុសពីគណបក្សប្រឆាំងនៅស្រុកថៃ និងក៏មិនអាចធ្វើដូចស្រុកថៃបានឡើយនូវគោលបំណងប៉ុនប៉ងកាន់កាប់អំណាចដ៏ឆាប់រហ័សតាមវិធីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងតាមគ្រប់មធ្យោបាយទុច្ចរិតផ្សេងៗទៀត ក៏ដូចជាការយកបញ្ហាព្រំដែនដើម្បីកេងចំណេញនយោបាយ គឺគណបក្សសង្គ្រោះជាតិគាំងគ្រប់ច្រកទាំងអស់ ពេលវេលាមិនអំណោយផលដូចក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅនោះទេ ។
ដូច្នេះ ការឈឺចាប់របស់ខ្មែរចំពោះការរំលោភរបស់បរទេសគឺជាការឈឺចាប់របស់ជាតិ! ការឈឺចាប់របស់ជាតិ ជាការរួមកម្លាំងគ្នាជាធ្លុងមួយក្នុងមហាគ្រួសារខ្មែរ លើកទង់ព្រលឹងតែមួយ តស៊ូដើម្បីខ្មែរឈ្នះ និងដើម្បីខ្មែររឹងមាំទៅមុខ! ដូច្នេះ យើងជាជនជាតិខ្មែរត្រូវជ្រោងទង់ជាតិកម្ពុជាឱ្យរឹងមាំ និងមិនអនុញ្ញាតឱ្យនរណា ឬប្រទេសណារាប់ទាំងអ្នកនយោបាយអង្ករកំប៉ុង ឬអ្នកនយោបាយឱកាសនិយមខ្មែរជាន់ឈ្លីទង់ជាតិខ្មែរ និងមោទនភាពជាតិខ្មែរបានឡើយ។ យើងជ្រោងទង់សន្តិភាវូបនីយកម្ម និងទង់សាមគ្គីជាតិ!
ដោយ៖ ចៅចាក់ស្មុក