(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមនិងអ្នកព័ត៌មាន បានចុះទៅដល់តំបន់អូអាឡៃ ស្ថិតក្នុងសៀមប៉ាង ខេត្តស្ទឹងត្រែង កន្លែងដែលកងទ័ពឡាវ បានចូលមកកាន់កាប់ដោយរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។
តាមរយៈដំណើរចុះទៅដល់ដោយផ្ទាល់នេះ គេមិនឃើញមានវត្តមានកងទ័ពនៅលើដែនដីខ្មែរទៀតនោះទេ គឺនៅសល់តែរោង និងលេណដ្ឋានរបស់ពួកគេតែប៉ុណ្ណោះ។ ទាំងលោកបណ្ឌិត សុខ ទូច និងក្រុមអ្នកព័ត៌មាន បានដើរមើលគ្រប់ជំរុំទាំង ៥ទីតាំង ដែលកងទ័ពឡាវ បានបោះអំឡុងពេលចូលមកកាន់កាប់ដែនដីកម្ពុជា។
រាល់ជំរុំដែលពួកគេបានបោះ គឺបានចូលមកយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ហើយមានភាពរឹងមាំ និងត្រៀមលក្ខណៈសម្រាប់ប្រយុទ្ធទប់ទល់ជាមួយកងទ័ពខ្មែរជានិច្ច ព្រោះថាគ្រប់ជំរុំទាំងនោះ គឺសុទ្ធតែមានលេណដ្ឋាន។
បន្ទាប់ពីបានដើរមើលទីតាំងជំរុំរបស់កងទ័ពឡាវ ដែលបោះនៅឆ្ងាយៗពីគ្នាហើយនោះ លោកបណ្ឌិត សុខ ទូច បានហៅការចូលមកកាន់កាប់ទឹកដីកម្ពុជា ពីសំណាក់កងទ័ពឡាវ គឺជាការចូលមករំលោភដែនអធិបតេយ្យរបស់កម្ពុជា។
លោកបណ្ឌិត សុខ ទូច ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការជ្រើសរើសនយោបាយការទូតក្នុងការចរចាដោយភាពអត់ធ្មត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីឡាវ លោក ថងលន់ ស៊ីស៊ូលីត រហូតឡាវ ព្រំដកកងទ័ពដោយមិនមានការផ្ទុះសង្រ្គាម និងបង្ហូរឈាម។
លោកបណ្ឌិត សុខ ទូច ក៏បានថ្លែងប្រតិកម្មខ្លាំងៗទៅនឹងក្រុមអ្នកលេងបណ្តាញសង្គម Facebook ដែលបំផុសថា ការចូលមកកាន់កាប់របស់ឡាវ លើដែនដីខ្មែរជារឿងឆាកល្ខោន។ លោក បានស្នើឲ្យអ្នកលើកឡើងបែបនេះ គួរសិក្សា និងចុះឲ្យដល់កន្លែងឡាវកាន់កាប់មុនធ្វើការសន្និដ្ឋាន។
លោក សុខ ទូច បានចាត់ទុកអ្នកដែលបង្កើតព័ត៌មាន និងលើកឡើងថា ការចូលមកកាន់កាប់ដីខ្មែរពីសំណាក់កងទ័ពឡាវ ជាឆាកល្ខោននោះ គឺជាក្រុមអ្នកនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រឆាំងជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោក សុខ ទូច ស្នើឲ្យក្រុមអ្នកនយោបាយទាំងអស់កុំយកបញ្ហាទឹកដីកម្ពុជាទៅលេងជាល្បែង ព្រោះតែចង់ចំណេញនយោបាយ។
ខាងក្រោមជាវីដេអូបង្ហាញទិដ្ឋភាពនៅកន្លែងដែលកងទ័ពឡាវបោះទីតាំង និងបទសម្ភាសន៍ជាមួយលោកបណ្ឌិត សុខ ទូច៖