(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ បានចេញមកអះអាងថា ទង្វើរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលប្រមាថ និងញុះញង់ទៅលើកងទ័ព គឺជាអំពើល្មើសជាក់ស្តែង ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ហេតុនេះជាធម្មតាទេ ដែលសមត្ថកិច្ចមានចំណាត់ការលើរឿងនេះ។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ការការពារខឿនការពារជាតិ គឺជាភារកិច្ចចំបងបំផុតរបស់ប្រទេសនីមួយ! ជនដែលមានចេតនាបំផ្លាញ កិច្ចការពារជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ទោះប្រទេសណាក៏ដោយ!»។
លោក គឹម សន្តិភាព បានបន្តថា «ការញុះញង់ឲ្យកងទ័ពមិនស្តាប់បញ្ជា ឬធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត គឺជាការបំផ្លាញកិច្ចការពារជាតិ ដែលនាំឱ្យមានការប៉ះពាល់ដល់សន្តិខុសរដ្ឋ! អំពើនេះគឺជាអំពើល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា! ទង្វើរបស់លោក សួន សេរីរដ្ឋា គឺជាអំពើល្មើសជាក់ស្តែង ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ហេតុនេះជាធម្មតាទេដែលសមត្ថកិច្ចមានចំណាត់ការលើរឿងនេះ!»។
ការអះអាងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរថា ជាទ័ពចោរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ផងដែរ៕