(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ថា នៅវេលាម៉ោងជិត៦នេះ កងទ័ពកម្ពុជាដែល បានដកចេញពីតំបន់សមរភូមិនៅខេត្តស្ទឹងត្រែង ដើម្បីត្រឡប់ចូលបន្ទាយ នៅទីបញ្ជាការដ្ឋានកងអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកដល់ទីប្រជុំជន់ស្គន់ ខេត្តកំពង់ចាមហើយ ព្រមទាំងកំពុងបន្តដំណើរតាមផ្លូវជាតិលេខ៦ ចូលមករាជធានីភ្នំពេញ។

ក្បួនដង្ហែរបស់កងទ័ពរបស់កម្ពុជា ដែលមានទាំងសព្វាវុធទំនើបៗ បានធ្វើដំណើរ ដើម្បីឆ្មោះមកកាន់បន្ទាយធំ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពេលកម្ពុជា ទទួលបានជោគជ័យក្នុងការជំរុញឱ្យឡាវ ដកទ័ពចេញពីព្រំដែន នៅខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនកងទ័ព និងសព្វាវុធជាច្រើន ទៅកាន់តំបន់ព្រំដែនខេត្តស្ទឹងត្រែង ដើម្បីត្រៀមប្រឈមជាមួយ កងទ័ពឡាវ ដែលលើកគ្នាចូលទឹកដីកម្ពុជា ក្នុងករណីដែលឡាវ មិនព្រមដកទ័ពតាមការស្នើរបស់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ ក៏បានចេញទៅចរចាជាមួយនឹង លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ដោយស្នើឱ្យឡាវដកកងទ័ពចេញពីកម្ពុជា។ ក្រោយជួបចរចានេះ ឡាវបានសម្រេចដកកងទ័ពចេញពីតំបន់អូរតាង៉ាវ និងអូរអាឡៃ នៃខេត្តស្ទឹងត្រែងជាស្ថាពរ ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ប្រជាពលរដ្ឋខ្មែរ ក្រសួងស្ថាប័ន និងដៃគូនានា បានសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ដែលធ្វើឱ្យកម្ពុជា និងឡាវ ទទួលបានជោគជ័យទាំងអស់គ្នាដោយគ្មានការច្បាំង។

ជាមួយគ្នានេះ តាមការប្រកាសរបស់ក្រសួងការបរទេស កាលពីម្សិលមិញ បានឱ្យដឹងថា ក្រោយជួបចរចារវាងនាយករដ្ឋមន្រ្តីទាំងពីរ ភាគីឡាវ និងកម្ពុជា បានសន្យាអភិវឌ្ឍនៅតាមព្រំដែនឱ្យបានរីកចំរើនផងដែរ៕