(កំពង់ចាម)៖ លោកស្រី អ៊ុកម៉ាលី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានប្រជុំពង្រឹងសមត្ថភាពការងារ ដល់មន្ដ្រីមូលដ្ឋាន ស្រុកជើងព្រៃ ក្នុងការដោះស្រាយបញ្ហាចម្បង ជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ពិសេសដើម្បីឈានទៅរកជ័យជំនះ ជូនបក្សនៅឆ្នាំ២០១៨ ខាងមុខនេះ។

លោកស្រី បានថ្លែងថា «មន្ត្រីគណបក្សមូលដ្ឋានរបស់យើងទាំងអស់ ត្រូវចេះស្វែងយល់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត សម្រាប់គណបក្សយើង ទាំងសមត្ថភាពការងារ ទាំងការអនុវត្ដផ្ទាល់ ក្នុងការចុះជួយសុខទុក្ខប្រជាពលរដ្ឋ ដែលជួបនឹងការលំបាករបស់ពួកគាត់»។

លោកស្រីបន្ដថា ពិសេសកុំឲ្យពួកគាត់ចាញ់បោកគេ ថាពេលខ្ចីលុយអង្គការ ឬធនាគាច្រើន មានអ្នកសងជំនួស ពេលគេជាប់ឆ្នោតក្នុងឆ្នាំ២០១៨នោះ គឺគ្មានទេ ឲ្យតែពួកគាត់ ខ្ចី គឺគាត់ខ្លួនឯង ជាអ្នកសងហើយ គ្មានអ្នកណាមកសងជំនួសទេ ដែលកត្ដានេះហើយ ជាហានិភ័យខ្ពស់ សម្រាប់ពួកគាត់ ខណៈដែលបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅស្រុកជើងព្រៃ បានខ្ចីប្រាក់ ពីធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទទាំងអស់ រហូតដល់ទៅជិត៣ម៉ឺនាក់ឯណោះ។

ទន្ទឹមនឹងនោះ លោកម៉ា ឈឿន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជើងព្រៃ បានថ្លែងថា យើងត្រូវរួមគ្នាតែមួយ ក្នុងការរុករកវិធីសាស្រ្ដ ការពារ​ប្រជាពលរដ្ឋយើង ជៀសឲ្យងាយ ពីការបោកប្រាស់ពីជនខិលខូចទាំងនោះ នឹងត្រូវសហការគ្នា ក្នុងការជួយប្រជាពលរដ្ឋ​ ឲ្យទទួលបានសុខសុវត្ថិភាពក្នុងការរស់នៅ ប្រកបមុខរបរ ពិសេសលើកស្ទួយវិស័យអប់រំ ដល់កូនក្មួយសិស្សនិស្សិតទាំងអស់ ឲ្យបានបន្ដការសិក្សា ចប់ថ្នាក់ទុតិយភូមិ បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមការផ្ដល់អាហារូបករណ៍ និងការសហការផ្សេងៗទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ លោកម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី រួមទាំងក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាច្រើន ដល់បុរសវ័យចំណាស់ អាយុ៧០ឆ្នាំ លោកឌូ ឌឿន ដែលបានឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី០៩ ខែសីហា​ ដោយសារឆ្លងចរន្ដអគ្គិសនី នៅឃុំគោករវាង ស្រុកជើងព្រៃផងដែរ៕