(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិច នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។
ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ប្រមាថដល់កងទ័ពរបស់ខ្មែរដោយ ខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង។
មន្រ្តីយោធាកំពូលៗរបស់កម្ពុជា ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងភ្លាមៗថា បងប្អូនកងទ័ពកំពុងមានកំហឹងយ៉ាងខ្លាំងជាមួយលោក សួន សេរីរដ្ឋា, ហើយនៅពេលនេះជាការល្អទៅវិញទេ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាន់ពេល បើមិនដូច្នេះបងប្អូនកងទ័ពនឹងមិនអត់អោនឲ្យ ជនប្រមាថជាតិខ្មែរ សួន សេរីរដ្ឋា នោះទេ ប្រាកដជាទៅរករឿងមិនខាន។ លោក សួន សេរីរដ្ឋា ទៅដេកនៅក្នុងគុកប្រសើរជាងនៅខាងក្រៅ ព្រោះបើនៅខាងក្រៅអាច នឹងមានបញ្ហាដល់អាយុជីវិត ដោយសារកំហឹងរបស់បងប្អូនកងទ័ព។
មន្រ្តីយោធាកំពូលៗបានចេញមកថ្កោលទោស និងទាមទារឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕