(ភ្នំពេញ)៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបានបឹងកក់២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្រោមការដឹកនាំដោយលោក ខាត់ ខុនទិត្យ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ បានធ្វើការចុះឃាត់ខ្លួនក្មេងប្រុស-ស្រី២នាក់ ខណៈកំពុងឈរលក់គ្រឿងញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។
មន្ដ្រីនគរបាល បានឲ្យដឹងថា ក្មេងប្រុស-ស្រី ទាំង២នាក់ខាងលើនេះ ទី១៖ ឈ្មោះ សុខ ស្រីលីន អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៩ ផ្លូវរថភ្លើង ភូមិ២១ ក្រុម១០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី២៖ឈ្មោះ មាស ចំរើន ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។ ដកហូតបានវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន៥៩ កញ្ចប់តូច (សង្ស័យថាជាគ្រឿងញៀន) ទូរស័ព្ទ Nokia 105 មួយគ្រឿង លេខ ០៨៧ ៨៦៦ ៤៥៨។
តាមដំណើររឿងមុខកើតហេតុ នៅវេលាម៉ោង៩៖០០ព្រឹកនេះ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួកគោក បានចុះប្រតិបត្តិការ និងល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញក្មេងប្រុស-ស្រីចំនួន២នាក់ កំពុងឈរលក់គ្រឿងញៀន នៅចំណុចផ្លូវ រថភ្លើង ក្រុមទី១០៦ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភ្លាមនោះ សមត្ថកិច្ច ក៏បានបង្រ្កាបជាក់ស្ដែង រួមទាំងវត្ថុតាងមាន ក្រមពណ៌សថ្លា ចំនួន៥៩ កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) ដែលជនសង្ស័យកំពុងឈរលក់ ពេលនោះសមត្ថកិច្ច ឃើញក៏បានឃាត់ខ្លួនជនសង្ស័យជាក់ស្ដែងតែម្ដង។
បច្ចុប្បន្ន ក្មេងប្រុស-ស្រី ទាំង២នាក់និងវត្ថុតាងខាងលើនេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ដតាមផ្លួវច្បាប់៕