(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានប្រចាំការអង្គភាពក្រុមការងារ សម្របសម្រួលព័ត៌មានសមភូមិ លោក ផៃ ស៊ីផាន បានចេញមកច្រានចោល ចំពោះការវិភាគនានាខុសពីការពិត ដែលជាការបំពុលព័ត៌មានលើវិស័យយោធា ក្នុងស្ថានការដែលកងទ័ពកម្ពុជា និងកងទ័ពឡាវ បានប្រឈមដាក់គ្នា នៅក្នុងខេត្ដស្ទឹងត្រែង កាលពីប៉ុន្មានថ្ងៃមុននេះ។
លោក ផៃ ស៊ីផាន បានអះអាងទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ព គឺមានសិទ្ធិផ្ដាច់មុខ ក្នុងកិច្ចការពារជាតិ មិនមានឲ្យមានបុគ្គលណា ឫក្រុមណាអាចជ្រៀតជ្រែក ទៅនិងចំណាត់ការរបស់សម្ដេចបាននោះឡើយ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ លើ Facebook លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា អនុលោមទៅតាមការអនុវត្តន៍ គោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាលតេជោ សែន ក៏ដូចជាគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលកំពុងថិតនៅក្នុងអាណត្តិអំណាចរបស់ខ្លួន ហើយស្របជាមួយ និងរដ្ឋធម្មនុញ្ញខ្មែរ ដែលផ្តល់បុព្វសិទ្ធិ និងអំណាចដល់រាជរដ្ឋាភិបាលផ្តាច់មុខ ក្នុងកិច្ចការពារជាតិនោះ ដូចនេះមិនត្រូវមានបុគ្គលណា ឬក្រុមណាមានសិទ្ធិ ជ្រៀតជ្រែកលូកលាន់ក្នុងកិច្ចចំណាត់ការរបស់សម្តេចតេជា នាយករដ្ឋមន្រ្តី ដែលលោកជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលចែងនៅមាត្រា២៣ រដ្ឋធម្មនុញ្ញ។ នេះជាការងារទ័ព សុទ្ធសាធ មិនមែនការងាស៊ីវិលនោះឡើយ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តទៀតថា អាស្រ័យហេតុនេះសម្តេចតេជោ មានបុព្វសិទ្ធគ្រប់គ្រាន់ ក្នុងកិច្ចចាត់ការ ឬបញ្ជាកងទ័ពជាបន្ទាន់ ក្នុងកិច្ចការពារជាតិ ឬការពារទឹកដីកម្ពុជា ដោយមិនចាំបាច់ទទួលការអនុញ្ញាតជាមុនពីស្ថាប័នណាមួយនោះឡើយ លើកលែងតែការធ្វើសង្គ្រាមមួយមុខគត់តែប៉ុណ្ណោះ។
មាត្រា៤៩ រដ្ឋធម្មនុញ្ញ ក៏បានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែក...ការពារមាតុភូមិ។ បណ្ដាំរបស់ព្រះបាទបរមរតនកោដ្ឋ ឬព្រះមហាវីរក្សត្រ ក្នុងទម្រង់ជា ព្រះរាជបណ្តាំ ក៏ដូចជា លាយលក្ខអក្សរដែលបានឆ្លាក់តាំងនៅមុខព្រះបរមរាជវាំង មានន័យថា «ត្រូវតែរួមសាមគ្គី និងឯកភាពគ្នាក្នុងកិច្ចការ ការពារជាតិ»។ ក៏ដូចជា បទពិសោធន៍នានាពីប្រទេសនីមួយៗនៅលើពិភពលោក គេតែងតែសាមគ្គី និងឯកភាពគ្នាចំពោះចំណាត់ការរបស់រដ្ឋាភិបាល នៅក្នុងអាណត្តិ ទៅលើវិស័យការពារជាតិ ក៏ដូចជាកិច្ចការពារផលលប្រយោជន៍របស់ជាតិរបស់គេ។
ប្រធានាបតី ឬនាយករដ្ឋមន្រ្តី មានបុព្វសិទ្ធចំណាត់ការជាបន្ទាន់ នាកាលៈទេសៈណាមួយ ក្នុងកិច្ចការពារជាតិ និងអាចសូមស្នើដល់រដ្ឋសភា ក្នុងកិច្ចស្នើច្បាប់អនុវត្តន៍ បន្ថែម លើកិច្ចការពារជាតិនោះរួមទាំងថវិកាបន្ថែមផងដែរ ឬមួយឆ្លើយពន្យល់ដល់រដ្ឋសភារាល់ហេតុផល នៃចំណាត់ការយោធាជាបន្ទាន់ណាមួយនេះ។
លោកបញ្ជាក់ទៀតថា «អាស្រ័យហេតុដូចនេះ ខ្ញុំសូមជម្រាបជូនដល់អ្នកនយោបាយ ឬអ្នកតាំងខ្លួនជាអ្នកវិភាគនយោបាយ មេត្តាចូលរួមស្មារតីក្នុងកិច្ចការពារ ជាតិនេះ អ្វីដែលមានប្រសិទ្ធិភាព ក៏ដូចជា របបនយោបាយការពារជាតិ ដែលមានស្រាប់ រួចមកហើយ។ រាល់សកម្មភាព ឬការបញ្ជាញមតិណា ដែលធ្វើឲ្យបាត់បង់ ប្រសិទ្ធិភាព នៃកិច្ចប្រតិបត្តការយោធា គឺជាអំពើវិទ្ធង្សនាប្រឆាំងនឹងផលប្រយោជន៍ការពារជាតិ ក៏ដូចក្រមព្រហ្មទណ្ឌផងដែរ»។
លោកថា ជាបទពិសោធន៍ រាជរដ្ឋាភិបាលបានទទួលការវាយប្រហារបំបាក់ស្មារតី ប្រយុទ្ធរបស់កងប្រដាប់អាវុធ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ជាក់ស្តែងរបស់ បរទេស នៅលើសមរភូមិតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាបច្ចុប្បន្នកាល ដែលក្រុមទាំងនោះធ្វើការវាយប្រហារស្មារតី ប្រយុទ្ធរបស់កងប្រយុទ្ធកម្ពុជា នៅលើសមរភូមិ អូរអាឡៃ ដែលកងទ័ពឡាវ ឈរជើងខុសច្បាប់នៅលើទឹកដីកម្ពុជា។ ការបំពុលព័ត៌មានយោធា ជាអំពើខុសច្បាប់ដែលត្រូវផន្ទាទោសតាមច្បាប់៕