(កំពង់ធំ)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ លោក ថោង ខុន បានថ្លែងនៅក្នុងពិធីឆ្លងមហាកុដិ ក្នុងវត្តពោធិវង្សហត្ថី ហៅវត្តពោធិ៍ ស្ថិតនៅភូមិកំញ្ញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះថា បញ្ហាសំខាន់គឺសន្តិភាព ព្រោះបើកាលមានសន្តិភាព ទើបវិស័យអាណាចក្ររីកចម្រើន ហើយដែលបង្កើតជាមូលដ្ឋានសំខាន់ដល់វិស័យពុទ្ធចក្រ នេះជាក្រិតក្រមរីកចម្រើន នៃសង្គមជាតិនីមួយៗ។
លោក ថោង ខុន បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមជាតិ ពន្លត់ភ្លើងសង្គ្រាមនាំមកនូវសន្តិភាព រក្សសន្តិភាព និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។
លោក ថោង ខុន បានរំលឹកថា ក្រោយថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ដែលដៃម្ខាងការពារមិនឲ្យរបបប៉ុលពតវិលមកវិញ ហើយដៃម្ខាងទៀតខិតខំតស៊ូដើម្បីស្តារ និងកសាងប្រទេសជាតិ ពីបាតដៃទទេរ ក្នុងនោះរួមទាំងវិស័យសាសនា ពិសេសព្រះពុទ្ធសាសនាតែម្តង។ ដូច្នេះហើយទើបមកដល់ថ្ងៃនេះវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងប្រទេស រហូតដល់មានព្រះសង្ឃជិត ៧ម៉ឺនអង្គ និងវត្តអារាមជិត ៥,០០០វត្ត។
យ៉ាងណាក៏ដោយ លោក ថោង ខុន ក៏បានថ្លែងនៅការកោតសរសើរចំពោះប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមសាមគ្គីគ្នាកសាងវត្តអារាម និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនគួរជាទីមោទភាពបំផុត។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចងចាំថា ភាពសុខដុមនីយកម្ម និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យដទៃទៀតសព្វថ្ងៃនេះ គឺបានដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ឬអាចនិយាយថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយសច្ចភាពនេះ មិនអាចអ្នកណាម្នាក់បំភ្លៃបានឡើយ។
នាឱកាសនោះ លោក ថោង ខុន និងលោកស្រីបានប្រគេនថវិកាជូនវត្តពោធិ៍ចំនួន ៥,០០០,០០០រៀល និងអំណោយកំដដៃមួយចំនូនទៀត ចំណែកក្រុមការងារ និងសប្បុរសជនក៏បានជួយឧបត្ថម្ភថវិកា ៣,៦០០,០០០រៀលផងដែរ៕