(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បាននិយាយថា យន្ដហោះចម្បាំងចិន បានដឹកនាំការធ្វើសមយុទ្ធយោធាចំនួនពីរលើកជុំវិញកោះតៃវ៉ាន់ ដោយបានហោះកាត់តំបន់ភាគខាងត្បូង និងតំបន់ភាគខាងជើងក្បែរប្រទេសជប៉ុន ក៏ប៉ុន្តែទីក្រុងប៉េកាំង មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងដូច្នេះថា៖ «នៅថ្ងៃអាទិត្យនេះ យន្ដហោះដឹកជញ្ជូនចិនពីរគ្រឿង បានហោះកាត់តាមតំបន់ច្រកសមុទ្រ Bashi ដែលស្ថិតចន្លោះរវាងកោះតៃវ៉ាន់ និងហ្វីលីពីន មុននឹងហោះហើរទៅកាន់កោះ Miyako របស់ជប៉ុន និងភាគខាងជើងកោះតៃវ៉ាន់ ជាទីដែលយន្ដហោះយោធានេះ បានចូលរួមធ្វើសមយុទ្ធ យោធាជាមួយយន្ដហោះចម្បាំងចិនពីរគ្រឿងផ្សេងទៀត»។
ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមទៀតថា នាពេលថ្មីៗនេះ យន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះដឹកញ្ជូនចិន ក៏បានធ្វើដំណើរឆ្លងកាត់ផ្លូវដូចគ្នានេះដែរ ខណៈយន្ដហោះចម្បាំង និងយន្ដហោះព្រមានអាសន្នរបស់ចិន បានហោះហើរពីលើតំបន់ច្រកសមុទ្រ Bashi។
គួរបញ្ជាក់ថា ចិនតែងតែចាត់ទុកថាតៃវ៉ាន់ គឺគ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយថែមទាំងព្រមានដែរថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ មកគ្រប់គ្រងទំាងស្រុង បើសិនជា ទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕