(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកកោះធំ បានថ្លែងពង្រឹងស្មារតី លើកទឹកចិត្តសិស្សថ្នាក់ទី១២ ស្រុកកោះធំ សម្រាប់ការប្រឡងបាក់ឌុប ជាប់ឆ្នាំនេះ ដែលជាប់និទ្ទេស «A» នឹងទទួលបានម៉ូតូ០១គ្រឿង ក្នុងម្នាក់ ហើយសិស្សានុសិស្ស ដែលប្រឡងជាប់នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល លើសពីនេះទៅទៀត ដោយមានការសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី លោកទេសរដ្ឋមន្ត្រី នឹងផ្ដល់អាហារូបករណ៍ចំនួន១៥កន្លែង រយៈពេល ០៤ឆ្នាំ ទៅសិក្សានៅប្រទេសម៉ាឡេស៊ី និងអាហារូបករណ៍ ក្នុងស្រុកមួយចំនួនទៀត។
លោកបានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្ស ចំនួនប្រមាណ ៧២៨នាក់ នៅស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ជាអតីតសិស្ស ក្នុងស្រុកកោះធំនេះ កាលពីទស្សវត្សទីឆ្នាំ១៩៧០ ជាមួយគ្នានោះដែរ លោកក៏បានក្រើនរំឭក ឲ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ឲ្យអស់ពីសមត្ថភាព ប្រើឲ្យអស់សក្ដានុពលរបស់ខ្លួន និងរំឭកមេរៀនឡើងវិញ ឲ្យបានញឹកញាប់បំផុត មុនពេលថ្ងៃប្រឡងមកដល់ ដើម្បីទទួលបាននិទ្ទេសល្អៗគ្រប់គ្នា ពិសេស លោកបានចែករំលែក បទពិសោធន៍ ក្នុងការសិក្សា ដើម្បីទទួលបានលទ្ធផលល្អផងដែរ ។
ទទន្ទឹមនឹងនេះដែរ លោកបានបញ្ជាក់ ឲ្យក្មួយៗត្រូវមានគោលដៅច្បាស់លាស់ និងមានផែនការមុតស្រួច ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន លើសពីនេះទៅទៀត លោក ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យសិស្សានុសិស្ស ត្រូវបង្កើតជំនាញច្រើន ដោយលើកយកពាក្យស្លោកថា «បើអ្នកមិនដឹងទៅណាទេ ផ្លូវណាក៏អាចនាំអ្នកទៅដល់ទីនោះដែរ» «If you do not know where you are going to, any road will lead you there»។ លោកស៊ុន ចាន់ថុល មានជំនឿយ៉ាងមុតមាំថា យុវជនស្រុកកោះធំនឹងអាចក្លាយជាអ្នកដឹកនាំដ៏ល្អរបស់ប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីសមិទ្ធផលនានា ក្នុងស្រុកកោះធំ ដូចជា ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងអាងហែលទឹកជាដើម និងការទាក់ទាញវិនិយោគិនបរទេស មកបណ្ដាក់ទុនផ្ទាល់នៅកម្ពុជា ដើម្បីបង្កើតការងារជូនយុវជន។ លោកក៏បានឧបត្ថមប្រាក់ដល់ សិស្សានុសិស្សចំនួន៦៥៩នាក់ ដោយក្នុងមា្នក់ៗទទួលបានប្រាក់ចំនួន ៥ម៉ឺនរៀល និងលោក/អ្នកគ្រូចំនួន ៦៩នាក់ ដោយម្នាក់ៗទទួលបានប្រាក់ចំនួន ១០ម៉ឺនរៀល ហើយថវិកានេះ ជាការរួមចំណែក ក្នុងការសម្រួល ដល់ការរៀបចំខ្លួន ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ និងជូនពរឲ្យសិស្សានុសិស្សទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់គ្នា។
លោក ស៊ុន ចាន់ថុល បានថ្លែងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដូចជាការស្ថាបនាទីលានកីឡា អាងហែលទឹក និងបង្កើតសាលាភាសាអង់គ្លេស ដល់ក្មួយៗដោយឥតបង់ថ្លៃជាដើម ដើម្បីបំពេញតម្រូវការ របស់យុវជន និងក៏ដូចជាចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះផងដែរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ទេសរដ្ឋមន្ត្រី បានកំពុងតែជំរុញការយកចិត្តទុកដាក់ខ្ពស់ លើយុវជន តាមរយៈសកម្មភាពកីឡា ការផ្ដល់ឱកាស ចូលរួមក្នុងកិច្ចការសង្គម និងសកម្មភាពផ្សេងៗទៀត ព្រោះយុវជនជាសសរទ្រូង របស់ប្រទេសជាតិ ដែលត្រូវចូលរួមក្នុងសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ៕