(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លើកឡើងថា ក្មួយៗដែលរៀនពូកែ គឺមិនមែនសំដៅទៅលើអ្នកមាន ឬអ្នកក្រនោះឡើយ កត្តាដែលសំខាន់នោះ គឺការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ទើបទទួលបានភាពជោគជ័យ និងមានអនាគតក្នុងជីវិត។ ទន្ទឹមនឹងនោះ លោកគ្រូ អ្នកគ្រូ ត្រូវបន្តរៀន និងបង្រៀនបន្ថែមទៀត ដើម្បីបណ្តុះនូវគ្រាប់ពូជ ពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានគុណធម៌ និងសីលធម៌ល្អ។
លោក ម៉ៅ ធនិន បានលើកឡើងបែបនេះ នៅអគារបណ្ណាល័យសាមគ្គីពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ជូនលិខិតសរសើរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នៃវិទ្យាល័យពោធិ៍សាត់ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ដោយបានការចូលរួមពី លោក សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិ ចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមប្រឹក្សាភិបាល សហគមន៍អ្នកគណិតវិទ្យាកម្ពុជា។
លោក ជា ឡេងហួត ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា សាខាខេត្តពោធិ៍សាត់ បានឱ្យដឹងថា សហគមន៍ បានចាប់ផ្តើមដំណើរការចាប់ពីខែធ្នូ ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ បានរៀបចំក្លឹបអ្នកគណិតវិទ្យានៅតាមវិទ្យាល័យក្នុងស្រុកបាន៦ក្លឹប បំប៉នសិស្សពូកែថ្នាក់ខេត្តបាន១២នាក់ ក្នុងនោះសិស្ស៣នាក់បានទទួលចំណាត់ជាសិស្សពូកែថ្នាក់ជាតិ។
ជាមួយគ្នានោះ ដោយបានការជួយឧបត្ថម្ភពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ម៉ៅ ធនិន អភិបាលខេត្ត បានជ្រើសរើសលោកគ្រូ អ្នកគ្រូ ចំនួន៧រូប ឱ្យបង្រៀនបំប៉នដល់សិស្ស ដែលមានមធ្យមភាគពិន្ទុខ្ពស់ចំនួន៥០នាក់ ក្នុងនោះស្រី២៥នាក់ តាមមុខវិជ្ជាចំនួន៧ ដូចជាភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ប្រវត្តិវិទ្យា និងភាសាអង់គ្លេស។
លោកឱ្យដឹងទៀតថា ក្នុងឆ្នាំសិក្សា២០១៦-២០១៧ វិទ្យាល័យពោធិ៍សាត់ចែកជូនលិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ចំនួន៧រូប និង សិស្សានុសិស្សដែលមានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ចំនួន១២០នាក់ ក្នុងនោះស្រី៨៧នាក់។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរ ដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំបង្រៀន និងគ្រប់គ្រងអប់រំកូនចៅ រហូតបានប្រែក្លាយទៅជាសិស្សទទួលបានចំណាត់ថ្នាក់ល្អ និងត្រូវបានជូនលិខិត និងរង្វាន់លើកទឹកចិត្តចំនួន១២០នាក់ គឺគិតត្រឹមតែលេខ១ដល់លេខ៣។ ក្មួយៗដែលរៀនពូកែ គឺមិនមែនសំដៅទៅលើអ្នកមាន ឬអ្នកក្រនោះឡើយ កត្តាដែលសំខាន់នោះ គឺការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ទើបទទួលបាននូវភាពជោគជ័យ និងមានអនាគតក្នុងជីវិត។
ជាការពិតណាស់ថាចក្ខុវិស័យ និងគោលបំណង របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបង្កើន និងលើកកម្ពស់ការងារអប់រំនៅកម្ពុជា ឱ្យមានកម្រិតស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។
ត្រង់ចំណុចនេះ ក្នុងនាមរដ្ឋបាលខេត្ត លោក ម៉ៅ ធនិន ទាមទាឱ្យមានការខិតខំប្រឹងប្រែង ទាំងការបង្រៀននិងរៀនបន្ថែមទៀត ពីសំណាក់លោកគ្រូ អ្នកគ្រូ និងក្មូយៗសិស្សានុសិស្សទាំងអស់ ដើម្បីបាននូវធនធាន មនុស្សប្រកបដោយគុណភាព ទាំងចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានគុណធម៌ សីលធម៌ មិនប្រព្រឹត្តនូវគ្រឿងញៀន ក្មេងទំនើង និងល្បែងពាលា ដែលសង្គមស្អប់ខ្ពើម។
លោកបានជម្រាបជូនថា សម្តេចតេជោ បានផ្តល់អាហារូបកណ៍ចំនួន១០០កន្លែង សម្រាប់ខេត្តពោធិ៍សាត់ គឺផ្តល់ជូនតែសិស្សខ្វះខាត និងគ្មានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ ហេតុនេះសូមក្មួយៗចាប់យកឱកាសនេះឱ្យខាងតែបាន។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោក សួង ណយ បានផ្តល់ជូនលិខិតសរសើរ ដល់លោកគ្រូ អ្នកគ្រូបង្រៀនបំប៉នចំនួន៧រូប ជូនលិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែ ពីលេខ១ដល់លេខ៣ ចំនួន១២០នាក់ ហើយក៏បានចែកជូនលោកគ្រូ អ្នកគ្រូ ចំនួន១០៨នាក់ ក្នុងម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល និងមាតាបិតាអាណាព្យាបាលសិស្ស ចំនួន១២០នាក់ ក្នុងម្នាក់ៗសារុង១ ជាអំណោយផ្ទាល់របស់លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី៕