(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បានចាត់តាំងក្រុមអ្នកស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាទាំងថ្នាក់កណ្តាល និងខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីជួយដល់សកម្មភាពចុះចែកអំណោយ របស់សប្បុរសជនសិង្ហបុរីតាមរយៈ SGQURBAN សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលធ្វើការផ្តល់ជាអំណោយខ្លះៗ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់បានចំនួន២០០គ្រួសារ នៅឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ។
អំណោយដែលធ្វើការប្រគល់ជូនដល់ជនរងគ្រោះក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម ស្ករស១គីឡូ ប្រេងឆា១លីត្រ សាប៊ូបោកខោអាវ១កញ្ចប់ សាប៊ូលុច៤ដុំ ត្រីខ២កំប៉ុង និងថវិការចំនួន២លាន៥០ម៉ឺនរៀល ដល់សមូហភាពសម្រាប់ទទួលទានអាហារសាមគ្គីរបស់ជនរងគ្រោះដែលនៅក្នុងតង់។
លោក Mouzzammil ប្រធានមូលនិធិ SGQURBAN បានចូលរួមរំលែកទុក្ខដល់គ្រួសាររងគ្រោះទាំងអស់ ក្នុងឃុំជីរោទ៍ ដែលមកបោះតង់ផ្តុំគ្នាដល់ទៅប្រមាណ៧០០គ្រួសារឯណោះ ខណៈពេលនេះ ក្នុងគម្រោងដែលមិនបានព្រាងទុកជាមុន លោកអាចចូលរួមដោះស្រាយសម្រាប់២០០គ្រួសារសិន ហើយគ្រួសារដែលនៅខ្វះ លោកនឹងសហការនឹងដៃគូរសប្បុរសជនបន្ថែមបង្គ្រប់មិនឲ្យខ្វះឡើយ។
លោក ក៏បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្ត និងអជ្ញាធរមានសមត្ថកិច្ច ដែលបានសហការសម្រួលដំណើរការកម្មវិធីចែកអំណោយប្រព្រឹត្តទៅបានរលូន។
លោកបានផ្តាំផ្ញើដល់សហគមន៍អ្នករងគ្រោះដល់ទឹកជំនន់ដែលនៅក្នុងតង់រួមគ្នា ត្រូវសហការសាមគ្គីគ្នា ជាពិសេសត្រូវរក្សានូវអនាម័យ ដើម្បីចៀសផុតពីបញ្ហាជម្ងឺនានា ដែលនាំអោយប៉ះពាល់ដល់សុខភាព និងថវិកាគ្រួសារផងដែរ។
ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ទាំងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលបានដឹកនាំសមាជិកសមាជិការបស់ខ្លួនសហការក្នុងកិច្ចការនេះជំនួសមុខឲ្យប្រជាពលរដ្ឋជនរងគ្រោះ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ជំនួយ ដែលបានចំណាយទាំងពេលវានិងថវិការមកចូលរួមដោះស្រាយទុក្ឋលំបាករបស់ប្រជាពលរដ្ឋរបស់ពួកគាត់។
ពលរដ្ឋគ្មានអ្វីក្រៅពីការជូនពរដល់សប្បុរសជន និងអង្គការដៃគូរសហការ ឲ្យបានបន្តសកម្មភាពមនុស្សធម៌មួយនេះ ហើយបានទទួលនូវផលបុណ្យកុសល្យ សម្រេចបាននូវភាពជោគជ័យរាល់ភារកិច្ចបន្តទៅមុខ៕