(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី១៣ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ នៅចំណតរថយន្ដផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើទោះបីមេឃធ្លាក់ភ្លៀងខ្លះៗក៏ដោយ ក៏ក្រុមការងាររបស់លោក ពេជ្រ ស្រស់ នៅតែបន្តយុទ្ធនាការដដែល។
លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា «ព្រឹកថ្ងៃនេះមេឃធ្លាក់ភ្លៀងខ្លះៗ នៅចំណតរថយន្ដផ្សារស្គន់ លោកនិងក្រុមការងារ នៅតែបន្តការងារ ចំពោះសកម្មភាពរៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន...មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោក រួមនឹងក្រុមការងាររបស់លោក បានសម្រេចបើកយុទ្ធនាការដើររៃអង្គាស ថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌មានរយៈពេល៣០ថ្ងៃ»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថាយុទ្ធនាការនេះមានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនបង្គួរ។ យុទ្ធនាការរៃអង្គាស ថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។
ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕