(ភ្នំពេញ)៖ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធរបស់ឡាវ បានចូលមកទឹកដីរបស់ប្រទេសកម្ពុជា ស្ថិតនៅក្បែរតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀងប៉ាង ព្រំដែនខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តអាតាពើ របស់ឡាវ។ ដោយពេលនោះកម្លាំងប្រដាប់អាវុធរបស់ឡាវ បានចុះមករារាំងកម្លាំងយោធាកងវិស្វកម្មរបស់កម្ពុជា ពេលកំពុងធ្វើផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែន តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ មកនោះ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានផ្ញើលិខិតឲ្យមេបញ្ជាការយោធាប្រចាំខេត្តអាតាពើរបស់ឡាវ ដោយស្នើសុំឲ្យដកយោធា និងអាវុធ ទៅចូលទឹកដីរបស់ឡាវវិញ ព្រោះតំបន់នេះគឺដែនដីប្រទេសកម្ពុជា ដោយពិតប្រាកដនៅលើផែនទីដែលបន្សល់ទុកពីអាណានិគម និយមបារាំង។
ប៉ុន្តែការចរចាឆ្លើយឆ្លងគ្នា ថ្នាក់ភូមិភាគពុំបានទទួលលទ្ធផលនោះទេ, រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈ ជានាយករដ្ឋមន្រ្តី បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីសូលីត ដោយសរស្នើឲ្យរដ្ឋាភិបាល នៃប្រទេសឡាវដកកងកម្លាំង ប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ប្រទេសឡាវផងដែរ។ ប៉ុន្តែភាគីឡាវ មិនបានឆ្លើយតបចំពោះសំណើរ បស់កម្ពុជានេះឡើយ។
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាពីលោកស្រី ខ្លូត ធីតា ទៅលោកបណ្ឌិត សុខ ទូច ព្រមទាំងប្រកាសសមាសភាព បណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពអត់ធ្មត់ចំពោះវត្តមានកងទ័ពឡាវនៅលើទឹកដីខ្មែរ បានដល់ទីបញ្ចប់ហើយ ហើយសម្តេចទុកពេលតែ៦ទៀតប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងនៅលើទឹកដីកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមរាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានអត់ធ្មត់តាំងពីខែមេសាមកម្ល៉េះ ចំពោះវត្តមានរបស់ទាហានឡាវ ព្រោះសម្តេចមិនចង់ឲ្យមានការផ្ទុះ សង្រ្គាមជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងភាពអត់ធ្មត់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈនាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត កាលពីអំឡុងខែឧសភា ពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា។
ក្រៅពីទូរស័ព្ទដោយផ្ទាល់ហើយនោះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតផ្លូវការមួយច្បាប់ទៀតផ្ញើទៅ នាយករដ្ឋមន្រ្តីឡាវ បញ្ជាក់ពីបញ្ហាព្រំដែន និងស្នើឲ្យឡាវដកកងទ័ពចេញពីប្រទេសកម្ពុជា។ ចំណុចដែលទាហានឡាវចូលទឹកដីកម្ពុជានេះ ស្ថិតនៅក្បែរតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀងប៉ាង ព្រំដែនខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តអាតាពើ របស់ឡាវ។ ការចូលមកឈ្លានពាននេះ បានធ្វើឡើងបន្ទាប់ពីកងវិស្វកម្មកម្ពុជាសាងសង់ផ្លូវមួយខ្សែស្របតាមបណ្តោយទន្លេសេកុង។
ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយលើកអំណះអំណាងនៃផែនទីរវាងប្រទេសទាំងពីរបន្សល់ពីអាណានិគមបារាំងផងនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តំបន់ដែលកងវិស្វកម្មកម្ពុជាសាងសង់ផ្លូវនោះ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដោយមិនប៉ះពាល់ទឹកដីរបស់ឡាវនោះឡើយ។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ។
នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កងទ័ពនឹងសម្ភារៈសឹកបញ្ជូនបន្ថែមទៀត ដោយចេញពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីត្រៀមកំចាត់កងទ័ពរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងច្បាស់ៗថា កងទ័ពនិងសព្វាវុធរបស់កម្ពុជា បញ្ជូនបន្ថែមទៀតទៅកាន់ ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរ ដោយមិនឲ្យសត្រូវមកយកដីរបស់កម្ពុជាមួយមីលីម៉ែត្រឡើយ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹងលោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។
នៅក្នុងដំណើរទៅចរចាររបស់សម្តេចតេជោ ហ៊ុន សែន ជាកាយវិកាទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈចង់ដោះស្រាយជម្លោះដោយសន្តិវិធី ជាមួយភាគីឡាវ មុននឹងឈានដល់ ការប្រកាន់យកវិធានផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ក្នុងករណីកិច្ចខិតខំ ចុងក្រោយនេះរបស់កម្ពុជា។
ខណៈដែលសម្តេចតេជោ ហ៊ុន សែន កំពុងជួបចរចាជាមួយនាយករដ្ឋមន្រ្តីឡាវ នៅព្រឹកថ្ងៃទី១២ ខែសីហា, ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមនាយទាហាន ជាន់ខ្ពស់កម្ពុជាមកពីគ្រប់តំបន់ បានបើកកិច្ចប្រជុំធំមួយ នៅក្នុងយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ដើម្បីដាក់ផែនការកម្ទេចកងទ័ពឡាវ ដែលបានចូលមកលើទឹកដី កម្ពុជា នៅខេត្តស្ទឹងត្រែង ក្នុងករណីដែលឡាវនៅតែមិនព្រមដកទ័ព។ កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា កងទ័ពជួរមុខបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបណ្តេញកងទ័ពឡាវ ចេញពីទឹកដីកម្ពុជា ដោយរង់ចាំតែបទបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។ លោកថា ពេលនេះភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន បានឈានដល់ទីបញ្ចប់ហើយ។
ថ្លែងពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែងថា ការចរចារបស់សម្ដេចជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយ បន្ទាប់ពីឡាវបានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈរជើងនៅទីនោះ។
ក្រោយបញ្ចប់ការចរចាររួចមក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំង២ បានធ្វើសន្និសីទកាសែតរួមគ្នា ដើម្បីបញ្ជាក់ប្រាប់ទៅកាន់ ប្រជាជាតិ ស្ដីអំពីបញ្ហាព្រំដែនដែលកំពុងកើតមាន។ ថ្លែងនៅក្នុងសន្និសីទកាសែត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមនាយក រដ្ឋមន្ដ្រីឡាវ នឹងប្រកាសបញ្ជាឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រាប់ឲ្យមេទ័ពកំពូលរបស់កម្ពុជា ឲ្យបញ្ជូនកងទ័ពត្រឡប់ទៅមូលដ្ឋានដើមវិញ។
នាយករដ្ឋមន្ដ្រីឡាវលោក ថោងលូន ស៊ីស៊ូលីត បានចេញមកប្រកាសថា នឹងមិនឲ្យមានបញ្ហាកើតឡើងនៅតាមព្រំដែនទៀតនោះឡើយ ពោលគឺដោះស្រាយ បញ្ហាព្រំដែនដោយយកចិត្តទុកដាក់បំផុត ជាមួយភាគីកម្ពុជា។ នៅក្នុងសន្និសីទកាសែតរួមគ្នា ក្រោយបញ្ចប់ការចរចារ នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានៅតាមព្រំដែននោះ យើងត្រូវបានដោះស្រាយគ្នា ដោយយកចិត្តទុកដាក់បំផុត មិនឲ្យមានការកើតឡើងតាមព្រំដែនទៀតនោះទេ»។
នាយករដ្ឋមន្រ្តីឡាវរូបនេះ ក៏បានបញ្ជាក់ថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅទីនោះដកកម្លាំងចេញឲ្យអស់មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។ ការដកចេញកងទ័ពរបស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍ដដែលនេះ។
នេះជោគជ័យដ៏ធំធេងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលមានភាពវៃឆ្លាត ប៉ិនប្រសព្វទាំងផ្នែកនយោបាយ ការទូត និងយោធា ក្នុងការរកដំណោះស្រាយបញ្ហាដ៏ពិបាកធំៗជូនប្រទេសជាតិ ជាក់ស្តែង គឺនៅពេលនេះកងទ័ពឡាវចេញពីទឹកដីកម្ពុជាដោយសារភាពវៃឆ្លាត និងប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ដែលមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា៕
ទស្សនាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មាន របស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ស្តីពីលទ្ធផលជំនួបចរចាបញ្ហាកងទ័ពឡាវចូលទឹកដីខ្មែរ៖
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសអំពីលទ្ធផលផ្លូវការនៃការចរចារវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុភូមិវិញ ក្រោយចរចាជាមួយភាគីឡាវ ទទួលបានជោគជ័យធំធេង
ទស្សនារូបភាពនៃក្រុមការងារ Fresh News ជិះឧទ្ធម្ភាគចក្រថតទិដ្ឋភាពនៅព្រំដែនកម្ពុជា-ឡាវ ក្រោយពីកងទ័ពឡាវដកចេញពីទឹកដីកម្ពុជា
ពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ ចេញមកលើកទឹកចិត្តកងទ័ពកម្ពុជា ពេលចល័តចេញពីមូលដ្ឋានបន្ទាយអង្គរក្ស ក្រុងតាខ្មៅ ឆ្ពោះទៅតំបន់សមរភូមិ ក្នុងខេត្តស្ទឹងត្រែង
ពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ ចេញមកលើកទឹកចិត្តកងទ័ពកម្ពុជា ពេលចល័តចេញពីមូលដ្ឋានបន្ទាយអង្គរក្ស ក្រុងតាខ្មៅ ឆ្ពោះទៅតំបន់សមរភូមិ ក្នុងខេត្តស្ទឹងត្រែង