(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា ស្ថិតនៅតំបន់មុំបីកន្ទុយនាគ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យជាតិ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងឡាវ។
លោក ថង សាវុន បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរអំពីសុខទុក្ខ របស់កងកម្លាំងដែលជាការផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ។
អភិបាលខេត្តរតនគិរី ក៏បានថ្លែងនូវការកោតសរសើរកងកម្លាំងទាំងអស់ ដែលបានបំពេញកាតព្វកិច្ច ក្នុងការងារការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ លះបង់ឈាមស្រស់ សាច់ស្រស់ ក្លាហានមិនរាថយពុះពារគ្រប់ឧបសគ្គ មិនឲ្យមានការរំលោភបំពាន ពីបណ្តាប្រទេសជិតខាងឡើយ។
បន្ថែមពីនេះ លោក ថង សាវុន ណែនាំឲ្យកម្លាំងទាំងអស់ត្រូវសហការគ្នា និងយកចិត្តទុកដាក់លើការងារល្បាត ឲ្យបានជាប់ជាប្រចាំ នៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន សំដៅរក្សាការពារឲ្យខាងតែបាន នូវអធិបតេយ្យជាតិ។
ជាមួយគ្នានោះដែរ លោក បានឧបត្ថម្ភដល់កម្លាំងវរៈយោធាការពារព្រំដែនជើងគោកលេខ២០៣, វរៈនគរបាលការពារព្រំដែនលេខ១០២, កម្លាំងឧទ្យានុរក្សឧទ្យានជាតិជាតិវីរៈជ័យ ក្នុងមួយអង្គភាព ទទួលបានថវិកា៣០០ដុល្លារ និងគ្រឿងឧភោគបរិភោគមួយចំនួនទៀត៕