(សៀមរាប)៖ នាចុងសប្តាហ៍ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបន្ដបំពេញបេសកកម្ម ក្នុងការត្រួតពិនិត្យពីវឌ្ឍនភាពលើវិស័យអប់រំសិក្សា នៅក្នុងមូលដ្ឋានឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលអមដំណើរដោយ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុមប្រឹក្សាស្រុកផងដែរ។
មានមតិសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាសំរោងខ្នារពោធិ៍ នាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការរំលឹកផងដែរថា នាសម័យសង្រ្គាមរវាងកម្លាំង ទាហានរាជរដ្ឋាភិបាល និងក្រុមឧទាមខ្មែរក្រហម ភូមិសាស្ត្រឃុំខ្នារពោធិ៍នេះ ជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក តែក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើ ឲ្យតំបន់សមរភូមិនេះ ប្រែក្លាយជាតំបន់អភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច និងបណ្តុះបណ្តាលធនធានមនុស្ស។
អភិបាលខេត្តបានបញ្ជាក់ទៀតថា ដោយកត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែងដូចជាអគារដែលបានកំពុងសាងសង់ នៅក្នុងសាលាបឋមសិក្សាសំរោងខ្នារពោធិ៍នេះ ក៏កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត និងគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកនូវដៃគូ និងម្ចាស់ជំនួយ ក្នុងការកសាងអគារសិក្សានេះឡើង។
ម៉្យាងទៀត អគារសិក្សាមួយខ្នងនេះ ក៏ជាអំណោយដ៏សប្បុរសធម៌ របស់សមាគមពាណិជ្ជកម្មចិន ប្រចាំនៅកម្ពុជា ដែលបានផ្តល់តាមរយៈលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ដើម្បីធ្វើការសាងសង់ជូនដល់កូនចៅ ប្រជាពលរដ្ឋនៅក្នុងភូមិសំរាងខ្នារពិធិ៍នេះ។
លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ម៉្យាងទៀតក៏ជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយនូវ អត្រាបោះបង់ចោលការសិក្សា របស់សិស្សដែលមានជីវភាពក្រីក្រ ក្នុងការបង្កើននូវចំណេះដឹងដល់ពួកគេ នៅថ្នាក់មូលដ្ឋាន សំខាន់ចំពោះសិស្សស្រី ហើយក៏ជាការបង្ខិត នៃការសិក្សាឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការងាយស្រួល និងមិនមានការបារម្ភ របស់ឪពុកម្តាយ ពេលកូនធ្វើដំណើរមកសិក្សាទៀតផង។
ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តសៀមរាប បានធ្វើការណែនាំ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមក្នុងការថែរក្សាសមទ្ធិផលនេះ ព្រមទាំងជម្រុញដល់កូន ចៅ របស់ខ្លួនឲ្យបានចូលសិក្សារៀនសូត្រ ពេលនេះមានអគារសិក្សាដ៏ល្អស្រស់ ក៏ប៉ុន្តែនៅពុំទាន់បានបំពេញ ទៅតាមតម្រូវការរបស់កូនៗ ចៅៗនៅឡើយ គឺទីធ្លាសម្រាប់លេងកីឡា និងសួនច្បារដំណាំជាដើម។
ក្នុងនោះសន្យាថា លោកនឹងបន្តធ្វើការស្វែងរកសប្បុរសជនក្នុង និងក្រៅស្រុក ដើម្បីឧបត្ថម្ភដល់សាលារៀនមួយនេះផងដែរ។
លោក បាននាំយកនូវសម្ភារៈសិក្សា និងថវិកាមួយចំនួន ចែកជូនពលរដ្ឋសរុប ២៥០នាក់ ក្នុងនោះលោកគ្រូ អ្នកគ្រូ ២៥នាក់ និងបងប្អូន ប្រជាពលរដ្ឋ៥០ ដោយម្នាក់ៗ ថវិកា២ម៉ឺនរៀល និងសិស្សានុសិស្ស១៧៥នាក់ ម្នាក់ៗសៀវភៅ ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម បន្ទាត់១ និងថវិកា៥,០០០ពាន់រៀល៕