(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងជំរុញឲ្យសិក្សានុសិស្សថ្នាក់ទី១២ ទូរទាំងខណ្ឌពោធិ៍សែនជ័យនិងស្រុកព្រៃកាបាស ខេត្តតាកែវ ត្រូវតែខិតខំប្រឹងប្រែងស្រវាស្រេទេញមេរៀន ដែលបានរៀនសូត្រក្នុងពេលកន្លងមកដើម្បីត្រៀម អនុវត្តនៅក្នុងពេលប្រឡង យកសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិនាពេលខាងមុខនេះ។
លោកអភិបាលខណ្ឌ បានថ្លែងបន្តថា អ្នកដែលមានសមត្ថភាពប្រឡងជាប់និទ្ទេស «A» នោះនឹងទទួលបានរង្វាន់ពីលោកនូវម៉ូតូ១គ្រឿងដ៏ថ្មីសន្លាង ដោយលោកនិងលោក សាំ ពិសិដ្ឋសូមសន្យាថា នឹងប្រគល់ជូនភ្លាមឲ្យតែប្រឡងជាប់និទ្ទេស «A» មែន។ មិនតែប៉ុណ្ណោះក្រៅពីទទួលបានរង្វាន់ខាងលើនោះ ក៏ជាមុខមាត់និងកិត្តិយសសម្រាប់ ខ្លួនយើងម្នាក់ៗ រួមនិងក្រុមគ្រួសារ ជាពិសេស លោកគ្រូអ្នគ្រូដែលខំប្រឹងបង្រៀនអស់ជាច្រើនឆ្នាំមកនេះផងដែរ។
លោកអភិបាលខណ្ឌរូបនោះថ្លែងបែបនេះ នៅក្នុងឱកាសដែលរូបលោក ជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូចំនួន២៣ នាក់និងសិក្សានុសិស្សនៃវិទ្យាល័យ ទាំងពីរខាងលើចំនួន៥២០នាក់ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាំ ពិសដ្ឋ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្រ្តីក្រោមឱវាទជាច្រើនទៀតផងដែរ។
លោក ហែម ដារិទ្ធិ បានប្រាប់ឲ្យភ្នាក់ងារ Fresh News ថា នៅក្នុងឱកាសនៃការប្រឡងយកសញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលនិងប្រព្រឹត្តទៅនាពេលប៉ុន្មានថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ទើបលោក ហែម ដារិទ្ធិ បានរៀបចំពិធីជួបសំណេះសំណាមួយនេះឡើង ដើម្បីជាការលើកទឹកចិត្តដល់សិស្សទាំងអស់ខាងលើ ដែលជាធនធាន មនុស្សដ៏សំខាន់របស់ប្រទេសជាតិ នាពេលអនាគត ហើយក៏ជាឱកាសផ្ដល់ដំបូន្មានដល់ពួកគេឲ្យយកចិត្ត ទុកដាក់ក្នុងការរៀន មិនត្រូវមានការខ្ជិលច្រអូសឡើយ។
អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា ការខិតខំព្យាយាមសិក្សារៀនសូត្រឲ្យក្លាយខ្លួន ទៅជាសិស្សពូកែ គឺជាបញ្ហាដ៏ចម្បងមួយ ដែលក្មួយៗ និងប្អូនៗទាំងអស់ ត្រូវតែក្ដាប់យកឱកាសនោះឲ្យបាន មិនត្រូវដើលេងឥតប្រយោជន៍ ឬធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ការសិក្សានេះទេ។ ជាងនេះទៀត បើទៅះបីមិនបានក្លាយជាអ្នកពូកែបាននិទ្ទេស «A» ក៏បានត្រឹមតែប្រឡងជាប់មិនធ្លាក់នោះដែរ ហើយក្នុងនាមលោកជាអភិបាលខណ្ឌ សូមសន្យាថា នឹងប្រគល់នូវរង្វាន់ម៉ូតូ១គ្រឿង ដល់សិស្សឆ្នើមប្រឡងជាប់បាននិទ្ទេស «A»។
នៅក្នុងឱកាសនោះ ក្រោយពីបញ្ចប់ការសំណេះសំណាល លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធិនិងលោក សាំ ពិសិដ្ឋ រួមជាមួយមន្រ្តីក្រោម ឱវាទបាននាំយកនូវថវិកាចែកជូនដល់ លោកគ្រូអ្នកគ្រូចំនួន២៣នាក់ ដែលក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល និងសិក្សានុសិស្ស៥២០នាក់ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀលផងដែរ៕