(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ ត្រូវបន្តចុះជាប់មូលដ្ឋាន និងជួបសមាជិក បក្សនៅតាមខ្នងផ្ទះ ហើយត្រូវបន្តធ្វើអំពើល្អ ជៀសឆ្ងាយពីអំពើអសកម្មទាំងឡាយ និងខិតខំបម្រើប្រជាជន ដោយភាពស្មោះត្រង់ ជាពិសេសត្រូវខិតខំបន្តផ្តល់នូវសេវាសាធារណៈផ្សេងៗ ជូនប្រជាជនឲ្យកាន់តែ មាន ប្រសិទ្ធភាព, គុណភាព និងទាន់ពេលវេលា។
ការណែនាំបែបនេះ ក្នុងឱកាសដែលលោក វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ លទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការ កណ្តាលបើកទូលាយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ជូនដល់មន្រ្តីបក្ស នៅក្នុងក្នុងមូលដ្ឋានស្រុកមុខកំពូល និងសំណេះសំណាលជាមួយមន្រ្តី គណបក្សនៅទីស្នាក់គណបក្ស ប្រជាជនកម្ពុជាស្រុកមុខកំពូល នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ។
លោក វង្សី វិស្សុត បានបញ្ជាក់ទៀតថា ត្រូវបន្តខិតខំដោះស្រាយ បញ្ហានានានៅក្នុងមូលដ្ឋាន របស់ខ្លួន និងត្រូវបន្តចូលរួមដល់កិច្ចអភិវឌ្ឍ ស្របទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រួមទាំងការបន្តធ្វើសកម្មភាពមនុស្សធម៌ និងសង្គមនានាឲ្យកាន់តែសស្រាក់សស្រាំ តែមិនត្រូវភ្លេច ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញឿន។
លោក វង្សី វិស្សុត បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះគឺមិនមែនគ្រាន់តែ នៅក្នុងក្របខ័ណ្ឌឃុំសង្កាត់នីមួយៗប៉ុណ្ណោះទេ តែវាមានចរិតជាក្របខ័ណ្ឌជាតិទៅហើយ។
លោកបន្ដថា លទ្ធផលនៃការបោះឆ្នោតនេះ បានផ្តល់ឲ្យគណបក្សប្រជាជនកម្ពុជានូវជ័យជំនះ ក្នុងការបន្តដឹកនាំក្រុមប្រឹក្សា ឃុំសង្កាត់ ភាគច្រើនលើសលប់ ទោះបីត្រូវបាត់បង់ការដឹកនាំ ឃុំសង្កាត់មួយចំនួនធៀបនឹងឆ្នាំ២០១២ក្តី ហើយលទ្ធផលនេះ បានពង្រឹងមូលដ្ឋានសម្រាប់ឲ្យគណបក្ស ឈានទៅដណ្តើមជ័យជំនះ ជាថ្មីម្តងទៀតនៅក្នុងបោះឆ្នោតសកលថ្នាក់ជាតិឆ្នាំ២០១៨ ខាងមុខ។ ជាងនេះទៅទៀត ជោគជ័យនេះ ក៏បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅតែអាចរក្សាបាននូវដំណែងប្រធានព្រឹទ្ធសភា ដ៏មានសារៈសំខាន់ដដែល។
លោក វង្សី វិស្សុត បានលើកឡើងផងដែរ អំពីចំណុចខ្លាំងទាំងឡាយ របស់គណបក្សនៅក្នុងការសម្រេចបាននូវជោគជ័យខាងលើនេះ ជាពិសេសការដឹកនាំដ៏ត្រឹមត្រូវ និងខ្លាំងពូកែប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យ ច្បាស់លាស់ និងវែងឆ្ងាយរបស់សម្តេចប្រធានគណបក្ស និងសមិទ្ធផលនៃកិច្ចការកែទម្រង់ ស៊ីជម្រៅលើ គ្រប់វិស័យ ទោះបីនៅមិនទាន់ស្រុះដៃគ្នាក្តី និងមានល្បឿនខុសៗគ្នាក្តី។
ក្រៅពីនេះ ក៏មានចំណុចសំខាន់ៗ មួយចំនួនទៀតផងដែរ ដូចជាការខិតខំកសាងនូវសមិទ្ធផលអភិវឌ្ឍនានាជាបន្តបន្ទាប់ ដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក អគ្គីសនី សាលារៀនជាដើមព្រមទាំង ការកែលំអរ និងការបង្ខិតសេវាសាធារណៈ ឲ្យដល់ជិតប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ រួមទាំងការមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយ ក្នុងគោលដៅលើកកម្ពស់ ជីវភាព និងសម្រាលការលំបាករបស់ប្រជាជន ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកច្រើន រួមទាំងការ យកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាក្រុមជនងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ ជរាគ្មានទីពឹងផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើង នូវចំណុចខ្វះចន្លោះមួយចំនួន ទាំងនៅក្នុងកម្រិត ម៉ាក្រូ និងមីក្រូ ទាំងជាបញ្ហារួម និងទាំងជាបញ្ហាដោយឡែក ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដែលចំណុចខ្វះចន្លោះទាំងនេះ បានជះឥទ្ធិពលជាអវិជ្ជមានដល់ការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ ហើយដែលត្រូវទាមទារឲ្យមានការកែលំអរ និងធ្វើការវះកាត់ឲ្យបានទាន់ពេលវេលា។
បន្ទាប់មក លោក វង្សី វិស្សុត ក៏បានលើកឡើងនូវវិធានការ និងយុទ្ធសាស្រ្ត ទាំងជាយុទ្ធសាស្រ្តរួម និងយុទ្ធសាស្រ្ត លំអិត ដោយឡែក ទៅតាមចំណុចនីមួយៗ ដែលបានដាក់ចេញដោយផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលបើកទូលាយ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ជូនដល់មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់បានស្វែងយល់ និងជ្រួតជ្រាបច្បាស់លាស់។
លោកបានផ្តល់ការណែនាំដល់មន្រ្តីគណៈពង្រឹង ទាំងមកពីថ្នាក់កណ្តាល និងមន្រ្តី បក្សនៅមូលដ្ឋាន ត្រូវបន្តសាមគ្គី និងរួមដៃគ្នាអនុវត្តនូវវិធានការ និងយុទ្ធសាស្រ្តថ្មីៗ ដែលទើបត្រូវបានដាក់ចេញ សម្តេចប្រធានគណបក្សខាងលើនេះ ឲ្យបានស្រុះដៃគ្នា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាការគាំទ្រ, បង្កើន ការគាំទ្រ និងទាក់ទាញការគាំទ្រ បន្ថែមមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជំនះ ឲ្យបានដាច់ខាតនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខនេះ ជូនប្រទេសជាតិ និងប្រជាជន៕