(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួន ជាមួយគណៈប្រតិភូក្រុងណានជីង ខេត្តជាំងស៊ូ ដឹកនាំ ដោយលោក ម៉ៅ វៃហ័រអនុប្រធានប្រតិបត្តិទទួលបន្ទុកការងារឧស្សាហកម្ម និងពាណិជ្ជកម្មក្រុងណានជីង ខេត្តជាំងស៊ូ នៃប្រទេសចិន និងសហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ក្នុងកិច្ចស្វាគមន៍របស់ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេរឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ។ ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីកិច្ចសហប្រតិបត្តិការ នឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ។
លោកបណ្ឌិត បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លោកបណ្ឌិត ឃឹម ប៊ុន សុង ក៏បានធ្វើការជម្រាប់ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើសក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍។
លោកបណ្ឌិត បានបន្ដថា ចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផល កសិកម្ម នៅមានកង្វះខាងបច្ចេកទេសខ្ចប់វិច និងវិស័យទេសចរណ៍ នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស ជាសំខាន់អ្នកវិនិយោគទុន នៃខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព។
លោកបណ្ឌិត បានបន្ថែមថា នៅពេលដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ ធ្វើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួចរាល់ហើយនោះ កំណើននៃភ្ញៀវទេសចរកើនទ្វេរឡើង ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាប កាន់តែមានភាពល្អប្រសើរថែមទៀត។ លោកក៏មានការព្រួយបារម្ភថា បើសិនកំណើនភ្ញៀវ នឹងមានការកើនឡើងទ្វេរដងដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរ ក៏ត្រូវទាមទារឲ្យមានការទ្វេរឡើងផងដែរ។
លោកបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួន ចំពោះក្រុងខេត្តសម្ព័ន្ធមេត្រី ដែលកន្លងមកមានការទំនាក់ទំនងរីកចម្រើននឹងគ្នា ដោយកត្តានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជម្រុញគ្រប់បណ្តាខេត្ត ក្រុង ស្រុក ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង ស្រុក ប្រទេសចិនផងដែរ។
មានប្រសាសន៍នោះដែរ លោក ម៉ៅ វៃហ័រ ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាលសក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅ នៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់កម្ពុជា។
លោកក៏បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ ក៏ដូចក្រុងខេត្តទាំងពីរកាន់ តែមានភាពរឹងមាំទ្វេរឡើង។ លោកក៏បានលើកឡើង ពីវិស័យសេដ្ឋកិច្ចរបស់ក្រុងណានជីងខេត្ត ជាំងស៊ូ ដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម និងកសិកម្ម។ ម៉្យាងទៀតការទំនាក់ទំនងរវាងខេត្តសៀមរាប និង ក្រុងណានជីង ក្នុងដំណើរទេចរណ៍ ដើមី្បសិក្សាស្វែងយល់ពីវិស័យទេសចរណ៍របស់ខេត្តសៀមរាប ព្រមទាំងលើកការទំនាក់ទំនងវិស័យពាណិជ្ជកម្ម សំខាន់លើវិស័យទេសចរណ៍ដែលធ្វើឲ្យក្រុងទាំងពីរ មានកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរ។ លោកក៏បានសំណូមពរ លើការបណ្តុះបណ្តាលធនធានមនុស្សរវាងខេត្តក្រុង ខេត្តទាំងពីរ។
លោកបានផ្តោតយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា រវាងក្រុងខេត្តសម្ព័ន្ធមេត្រីភាពល្អ លើវិស័យ ទេសចរណ៍ ម៉្យាងទៀត លោកនឹងធ្វើការជម្រុញដល់អ្នកវិនិយោគនិងសហគ្រិន ដើម្បីចូលមកធ្វើការសិក្សាស្វែងយល់អំពីសក្ដានុពលរបស់ខេត្ត ដើម្បីមកធ្វើការវិនិយោគនៅខេត្តសៀមរាប សំខាន់លើទីផ្សារទំនើប នៅក្រុងប្រវត្តិសាស្រ្តមួយនេះ។ លោកសង្ឃឹមថា ទៅថ្ងៃអនាគតខាងមុខ ខេត្តសៀមរាប នឹងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះ៕