អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងប្រាប់បងប្អូនអ្នករត់ម៉ូតូឌុបជាង៨០នាក់ ឲ្យជួយរាយការណ៍ជូនលោកផ្ទាល់ បើសិនមានដឹងពីបទល្មើសអ្វីមួយ និងសូមហៅថា «ជាសអ្នកប្រមាញ់ទីក្រុង»
12-08-2017 14:32
(កំពង់ចាម)៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បានអនុញ្ញាតឲ្យបងប្អូន អ្នករត់ម៉ូតូឌុបប្រមាណ៨២នាក់ ចូលជួបសំណេះសំណាល នៅគេហដ្ឋានរបស់លោកផ្ទាល់តែម្តង។ ក្នុងឱកាសនាព្រឹកព្រលឹមនោះដែរលោក គួច ចំរើន បានរៀបចំពិធីពិសារអាហារសាមគ្គីពេលព្រឹក រួមគ្នាជាមួយបងប្អូនម៉ូតូឌុប។
គួររំលឹកផងដែលថា កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក សុខ កែវ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុបនៅភូមិព្រែកចាន់ បានជួបដោយចៃដន្យ ជាមួយលោកអភិបាលខេត្ត នៅគល់ស្ពានកោះប៉ែនថ្មី ហើយក៏បានសុំលោកអភិបាល អនុញ្ញតឲ្យគាត់ និងក្រុមគាត់បានមកលេង និងសំណេះសំណាលដោយផ្ទាល់ ជាមួយលោក។
ក្នុងបរិយាកាសដ៏រីករាយនោះលោក គួច ចំរើន បានសំណេះសំណាល សួរសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាមួយបងប្អូនម៉ូតូឌុបយ៉ាងស្និទស្នាល ហើយដោយសុំហៅពួកគាត់ថា ជាអ្នកប្រមាញ់ទីក្រុងកំពង់ចាម ព្រោះមានតែពួកគាត់ទេ ដែលស្គាល់គ្រប់ផ្លូវ គ្រប់ច្រកល្ហកទាំងអស់ក្នុងក្រុងកំពង់ចាម។
លើសពីនេះទៅទៀត លោកអភិបាលខេត្ត ក៏ស្នើសុំឲ្យបងប្អូនអ្នករត់ម៉ូតូឌុប ធ្វើជាភ្នែកជាច្រមុះរបស់លោក ក្នុងករណីប្រទះឃើញបទល្មើស ឬបញ្ហាផ្សេងៗណាមួយ មិនប្រក្រតីកើតមានឡើងជាយថាហេតុ ដោយប្រការណាមួយ សូមរាយការណ៍ដោយផ្ទាល់ជូនលោកតាមរយៈទូរសព្ទ័ ឬតាមរយៈបណ្តាញសង្គមផ្សេងៗ៕