(ភ្នំពេញ)៖ មេចុងភៅដ៏ល្បីល្បាញ លំដាប់អន្តរជាតិចំនួនពីររូប មកពីហុងកុង បានមកចែករំលែកបទពិសោធន៍ ពីវិធីធ្វើក្ងានខ្វៃ ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ និងបណ្តុះបណ្តាល ព្រមទាំងផ្ទេរចំណេះដឹង ទៅដល់ចុងភៅខ្មែរ ពីវិធីសាស្ត្រខ្វៃក្ងាន សម្រាប់បន្តបម្រើដល់ប្រជាជាពលរដ្ឋខ្មែរ ដែលបានធ្វើឡើង នៅភោជនីយដា្ឋន Yi Sang(យ៉ីសាង) ។
លោក លី យ៉ូវស៊ីង( Li You Xing) ចុងភៅលំដាប់ពានរង្វាន់អន្តរជាតិរូបនេះ បានថ្លែងថា «ការធ្វើក្ងានខ្វៃ(Roast Goose) ដែលល្បីនៅហុងកុង ដោយសារទី១ ក្ងានខ្វៃមានពណ៌ល្អ និងទី២ មានគ្រឿងផ្សំ ក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ហើយក្ងាន ដែលត្រូវយកមកខ្វៃ ត្រូវមានអាយុពី១១០ទៅ១២០ថ្ងៃ ទើបធ្វើឲ្យក្ងាននោះ ប្រកបដោយពិភពនៃរសជាតិ» ។
រីឯចុងភៅ លោក ឡាយ វ៉ាន់មីង(Lai Wan Ming) បានឲ្យដឹងថា គ្រាន់តែម្ហូបក្ងានខ្វៃនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ឲ្យមកកាន់ហុងកុង ដើម្បីភ្លក្សរសជាតិក្ងានខ្វៃនេះ ដូច្នេះនៅកម្ពុជា នៅពេលមានមុខម្ហូបនេះ ក៏នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនផងដែរ។
លោក លូ ម៉េង ជាស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅប្រទេសកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានYi Sang បានលើកឡើងថា «ការនាំយកម្ហូបក្ងានខ្វៃបែបហុងកុង មកកាន់ភោជនីយដ្ឋានYi Sangនេះ គឺចង់ឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់រសជាតិក្ងានខ្វៃបែបហុងកុង និងបន្ថែមមុខម្ហូបថ្មី ពីលើមុខម្ហូបបណ្តាប្រទេស នានា ជាច្រើនទៀត នៅកម្ពុជា ពិសេសបង្រៀន ដល់ចុងភៅខ្មែរ ឲ្យចេះជំនាញខ្វៃក្ងាននេះ»។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ក្ងានបានត្រូវនាំចូលពីហុងកុង តែនៅថ្ងៃអនាគត អាចនឹងយកពូជមកចិញ្ចឹម នៅស្រុកខ្មែរ ដើម្បីផ្តល់ឱកាសការងារនិងចំណូលដល់កសិករខ្មែរ។
ភោជនីយដ្ឋានចិនYi Sang សាខាទី១ ជាភោជនីយដ្ឋានបំរើម្ហូបបែបចិន និងឌីមសាំ ដែលមានទីតាំងនៅក្នុងសណ្ឋាគារអលមិន តាមបណ្តោយផ្លូវសុធារស ទល់មុខស្ថានទូតរុស្សី ។ភោជនីយដ្ឋានYi Sang ចាប់បើកបំរើអាហារពីម៉ោង៦ព្រឹក ទៅដល់ម៉ោង១០យប់ ដែលអាហារពេលព្រឹក មានដូចជាគុយទាវពិសេស ជាមួយឌីមសាំ(Dim Sum) ជាច្រើនមុខតាមចំណូលចិត្ត បាយមាន់ពិសេស បបរគ្រឿងគ្រប់រសជាតិ, អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចវិញ Yi Sang មានម្ហូបប្រចាំហាង ដូចជា ចំហុយប៉ាវហឺ ជាមួយជើងក្ងាន និងឈ្លើងសមុទ្រ និងមុខម្ហូបប្រចាំហាង សំខាន់ជាងគេ គឺផ្តោតទៅលើសាច់ខ្វៃមាន ដូចជាសាច់ជ្រូកខ្វៃ សាច់គោខ្វៃ សាច់ក្ងានខ្វៃ ឆ្អឹងជំនីគោខ្វៃ ឆ្អឹងសាច់ពពែខ្វៃ។ល។
Yi Sang មានម្ហូបផ្តល់រសជាតិដើមបែបចិន កន្លែងមានអនាម័យល្អ តម្លៃសមរម្យ ហាងមាន៨បន្ទប់វីអាយភី(VIP) ទៅតាមតំរូវការ ពិសេសផ្សេងៗ ដូចជាលក្ខណៈជួបពិភាក្សាអាជីវកម្ម ការជួបជុំគ្រួសារ សម្រាប់អាហារពេលថ្ងៃ និងពេលល្ងាច ជប់លៀងជួបជុំមិត្តភក្តិ ឬក៏ពិធីជប់លៀងខួបកំណើត និងមានទទួលរៀបចំបន្ទប់ប្រជុំផងដែរ ហើយហាងនេះ អាចទទួលភ្ញៀវបានរហូតដល់ទៅ២០០នាក់។
ភោជនីយដ្ឋានចិន យ៊ីសាងដ៏ល្បីឈ្មោះនេះមាន៥ទីតាំង នៅរាជធានីភ្នំពេញ៖ YiSang សុធារស, Yi Sang, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, Yi Sang ចតុមុខ នៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ ជាប់នឹងរោងសាលមហោស្រពចតុមុខ, Yi Sang បឹងកេងកង ក្នុងសណ្ឋាគារFeeling Home ផ្លូវត្រសក់ផ្អែមកាច់ជ្រុងនឹងផ្លូវលេខ ២៧៨ នឹងទី៥ Yi Sang នៅផ្សារទំនើបអ៊ីអនម៉ល ក្នុងអាហារដ្ឋានវើលដាយ៕