(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងជិត២រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ទាហានឡាវមួយកងទៀតហើយ បានដកចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលនៅសល់តែ២កងទៀតប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង១៖៣៩នាទីរសៀលថ្ងៃនេះ ឡាវបានដកមួយកងចេញទៀតហើយ ហើយភូមិសាស្ដ្រដែលកងទ័ពឡាវ បានដកចេញនេះ យើងបានទៅកាន់កាប់មើលខុសត្រូវថា កងទ័ពឡាវពិតជាបានដកទៅដីរបស់គាត់ហើយ ដូច្នេះនៅសល់២កងទៀត បាននិងកំពុងធ្វើការរុះរើចូលទៅ ក្នុងទឹកដីរបស់គាត់វិញ»។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម កាលពីវេលាថ្ងៃត្រង់ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ទាហានមួយកងរបស់ឡាវ ក្នុងចំណោម៤កង ដែលនៅប្រឈមវរសេនាធំលេខ៤២ បានដកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទឹកដីរបស់ពួកគេអស់ហើយ។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា កងទ័ពកម្ពុជារបស់យើង ក៏បានជួយដឹកជញ្ជូនចានឆ្នាំង និងសំភារៈរបស់ពួកគេផងដែរ ហើយនឹងត្រូវដកចេញឲ្យអស់ត្រឹមព្រឹក ថ្ងៃស្អែកទី១៣ ខែសីហា តបតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី ទាំងពីរប្រទេសដែលបានជួបចរចាគ្នាកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕