(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមវេលាថ្ងៃត្រង់ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ទាហានមួយកងរបស់ឡាវ ក្នុងចំណោម៤កង ដែលនៅប្រឈមវរសេនាធំលេខ៤២ បានដកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទឹកដីរបស់ពួកគេអស់ហើយ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម ទាហាន៣កងទៀត បាននឹងកំពុងរៀបចំដកចេញជាបណ្តើរៗ ដោយកងទ័ពកម្ពុជារបស់យើង នៅប្រឈមមុខក៏បានជួយ ដឹកជញ្ជូនចានឆ្នាំង និងសំភារៈរបស់ពួកគេផងដែរ ហើយនឹងត្រូវដកចេញឲ្យអស់ត្រឹមព្រឹកថ្ងៃស្អែកទី១៣ ខែសីហា តបតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី ទាំងពីរប្រទេសដែលបានជួបចរចាគ្នាកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕