(ភ្នំពេញ)៖ ក្រោយពេលទទួលបានដំណឹងដ៏រំភើប និងរីករាយឥតឧបមា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកការទូតដ៏ឈ្លាសវៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិ ដោយភាគីឡាវព្រមដកទ័ព ចេញឲ្យអស់ពីទឹកដីកម្ពុជានោះ នៅថ្ងៃទី១២ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាមីនកម្ពុជា បានសម្តែងនូវក្តីអបអរសាទរចំពោះសម្តេចតេជោ និងបានបញ្ជាក់ថាសម្តេចតេជោ គឺមានភាពវៃឆ្លាតទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណាស់ អាចមកប្រកួតប្រជែងបានឡើយ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងបញ្ជាក់ថា «ខ្ញុំមានមោទនភាពណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានភាពវៃឆ្លាត ប៉ិនប្រសព្វទាំងផ្នែកនយោបាយ ការទូត និងយោធា ក្នុងការរកដំណោះស្រាយបញ្ហាដ៏ពិបាកធំៗជូនប្រទេសជាតិ ជាក់ស្តែង គឺនៅពេលនេះ ការបណ្តេញកងទ័ពឡាវចេញពីទឹកដីកម្ពុជា ហើយនៅប្រទេសកម្ពុជា មិនមានអ្នកនយោបាយណា ទោះពីបក្សណាក្តី ដែលអាចមកប្រកួតប្រជែងដណ្តើមបាន នូវលក្ខណៈសម្បត្តិដ៏អស្ចារ្យដែលសម្តេចតេជោមានឡើង»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឺយើងទទួលបានជោគជ័យ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានបញ្ជាក់ពីទីក្រុងវៀងច័ន្ទថា ភាគីឡាវនឹងដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីទឹកដីកម្ពុជា ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង មិនឲ្យលើសពីព្រឹកថ្ងៃស្អែកនោះឡើយ៕