(ភ្នំពេញ)៖ ខណៈដែលកងយោធាជាច្រើននាក់ អមដោយសព្វាវុធទំនើបៗជាច្រើនគ្រឿង ត្រូវបានចល័តទាំងកណ្ដាលយប់ ចេញពីបន្ទាយអង្គរក្សនាយករដ្ឋមន្ដ្រី ឆ្ពោះទៅកាន់សមរភូមិជួរមុខ ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែងនោះ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គេបានសង្កេតឃើញប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ព្រមទាំងមន្ដ្រីរាជការ ចេញមកក្រវីទង់ជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ដែលត្រូវត្រៀមបណ្ដេញទាហានឈ្លានពានរបស់ឡាវនោះ។
ព្រឹត្ត្រិការណ៍ចល័តកងទ័ព និងសព្វាវុធទំនើបៗជាច្រើនគ្រឿង កាលពីយប់មិញ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន អមដោយមេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើននាក់ទៀតផងដែរ។
តាមការពិនិត្យមើលជាក់ស្ដែង របស់បណ្ដាញសារព័ត៌មាន Fresh News ដែលបានចុះទៅផ្សាយផ្ទាល់ទីបញ្ជាការដ្ឋានអង្គរក្ស និងបន្ដរហូតមកដល់រង្វង់មូលស្ពានជ្រោយចង្វារ ត្រោយខាងកើត គឺនៅតាមដងផ្លូវប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរ និងមន្ដ្រីរាជការ បានចេញមកឈរអមសង់ខាងផ្លូវ លើកដៃស្រែកជ័យជោ ជាការលើកទឹកចិត្តដល់កម្លាំង យោធារបស់យើងយ៉ាងខ្លាំង។
នៅឯរង្វង់មូលស្ពានជ្រោយចង្វារត្រោយខាងកើតនោះ នៅពាក់កណ្ដាលអាធ្រាត្រយប់មិញ គេសង្កេតឃើញអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានដឹកនាំប្រជាពលរដ្ឋ មន្ដ្រីរាជការ អាជ្ញាធរមូលដ្ឋាន ជាពិសេសក្រុមយុវជន ដែលដៃកាន់ទង់ជាតិគ្រប់ៗគ្នាចាំស្វាគមន៍ និងលើកទឹកចិត្តដល់ក្បូនយោធារបស់យើង ឡើងហឹងត្រកងផងដែរ៕