(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ចាប រិទ្ធី បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ក្រសួងនឹងធ្វើការជ្រើសរើសមន្រ្តីរាជការឲ្យចូលបម្រើ ការងារ មានចំនួនតែ២៨រូបប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦កន្លងទៅ ក្រសួងបានជ្រើសរើសមន្រ្តីចំនួន១០៥រូប។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយបើកវិញ្ញាសាប្រឡងជូនដល់បេក្ខជនចូលរួម ជាង១,៧០០នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោក ចាប រិទ្ធី បានលើកឡើងបន្តថា ឆ្នាំនេះក្រសួង គោលបំណងដែលក្រសួងរៀបចំឲ្យមានការប្រឡងជ្រើសរើសនេះ គឺ ក្រសួងចង់បានមន្រ្តីរាជការមានគុណសម្បត្តិគ្រប់គ្រាន់ រួមមានទាំងសមត្ថភាព ក៏ដូចអត្តចរិតជាដើម ដើម្បី បម្រើជាតិ និងមាតុភូមិឲ្យមានការរីកចម្រើន។
លោកបន្ថែមថា ក្នុងចំណោមមន្រ្តីរាជការចំនួន២៨រូប ក្នុងនោះចំនួន០៦រូប នៅស្នាក់ការកណ្តាល (ថ្នាក់ជាតិ) និងចំនួន២២រូបផ្សេងទៀត នៅថ្នាក់ក្រោមជាតិ (ថ្នាក់ខេត្ត)។
តំណាងក្រសួងមុខងារសាធារណៈ លោក ស៊ុក សុវណ្ណដា បានបញ្ជាក់បន្ថែមថា តាមច្បាប់ដែល បានកំណត់ក្នុងលក្ខខណ្ឌទេសក្កៈមន្រ្តីរាជការសង្គមស៊ីវិល ក្រសួងមុខងារសាធារណៈ គឺមានតួនាទីចូលរួម គ្រប់ដំណាក់កាល តាំងពីដំណាក់កាលដំបូង រហូតដល់ចេញលទ្ធផល ដែលរួមមានដូចជា៖ ការចេញ សេចក្តីជូនដំណឹង, ចេញវិញ្ញាសា, ពេលកែវិញ្ញាសានិងស្រង់ពិន្ទុ និងសម្រេចឲ្យមន្រ្តីរូបណាជាប់ ឬធ្លាក់។
សូមរម្លឹកថា យោងតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីរាជការ និងសិស្ស-និស្សិតឲ្យចូល បម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រសួងត្រូវការជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌមន្រ្តី គ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌប្រភេទ ក ចំនួន២៨កន្លែង ដោយបែងចែកទៅតាមអង្គភាពរាជធានី-ខេត្ត។
ដោយឡែកកម្រិតសញ្ញាបត្រ និងលក្ខខណ្ឌនៃការជ្រើស រើស បេក្ខជនត្រូវមានសញ្ញាតិខ្មែរ, សញ្ញាបត្រយ៉ាងទាបបំផុតត្រឹមកម្រិតបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល និងបេក្ខជនដែលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូលត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ៕