(ស្ទឹងត្រែង)៖ ក្រុមនាយទាហានជាន់ខ្ពស់កម្ពុជាមកពីគ្រប់តំបន់ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំធំមួយ នៅក្នុងយុទ្ធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ដើម្បីដាក់ផែនការកម្ទេចចោរឡាវ ដែលបានចូលមកឈ្លានពានទឹកដីទឹកដីកម្ពុជា នៅខេត្តស្ទឹងត្រែង ក្នុងករណីដែលឡាវនៅតែមិនព្រមដកទ័ព។ កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា កងទ័ពជួរមុខបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបណ្តេញកងទ័ពឡាវ ចេញពីទឹកដីកម្ពុជា ដោយរង់ចាំតែបទបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។ លោកថា ពេលនេះភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន បានឈានដល់ទីបញ្ចប់ហើយ។
នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពរង់ចាំបទបញ្ជាសម្តេចតេជោជានិច្ច បើទ័ពឡាវនៅតែរឹងទទឹងមិនដកចេញពីដីកម្ពុជាទេ កងទ័ពដែលត្រៀមលក្ខណៈសម្បត្តិហើយនោះ នឹងប្រើកម្លាំងបណ្តេញទ័ពឈ្លានពានចេញពីទឹកដីកម្ពុជា»។
ជាមួយនោះដែរ នាយឧត្តមសេនីយ៍ ជា តារា បានអះអាងផងដែរថា «កងទ័ពរបស់កម្ពុជាប្តេជ្ញាការពារទឹកដីមិនឲ្យបរទេសណាមួយឈ្លានពានឡើយ ហើយនៅពេលនេះកងទ័ពដែលកំពុងឈរជើងនៅសមរភូមិនេះ បានត្រៀមខ្លួនរួចហើយ រង់ចាំតែបទបញ្ជាដាច់ណាត់របស់នាយឧត្តមសេនីយ៍ ផ្កាយមាស៥ ហ៊ុន សែន តែប៉ុណ្ណោះដើម្បីកំចាត់សត្រូវចេញពីទឹកដីកម្ពុជា»។
សូមបញ្ជាក់ថា ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅជួបចរចាជាមួយ នឹងនាយករដ្ឋមន្រ្តីឡាវផងដែរ។ សម្តេចបានប្រកាសថា នៅក្នុងជំនួបនាថ្ងៃនេះ សម្តេចនឹងស្នើឲ្យឡាវដកកងទ័ពចេញពីកម្ពុជា បើសិនជាមិនមានការដក កងទ័ពនោះទេ កម្ពុជានឹងមានវិធានការផ្សេងៗទៀត ដោយរាប់បញ្ចូលទាំងវិធានការយោធាផងដែរ។
ដោយឡែក កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កម្ពុជាក៏បានបញ្ជូនកងទ័ព និងសព្វាវុធទំនើបរបស់ខ្លួនជាច្រើន ចេញពីបន្ទាយនៅក្រុងតាខ្មៅ ទៅកាន់តំបន់ជម្លោះនៅក្នុងទឹកដីខេត្តស្ទឹងត្រែងផងដែរ។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរនៅតំបន់នោះ។ ទោះជាយ៉ាងនេះក្តី ក៏ភាគីកងទ័ពឡាវ នៅមិនទាន់ដកទ័ពចេញពីព្រំដែនក្នុងទឹកដីកម្ពុជានៅឡើយទេ៕