(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានី កុំឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលមានការចល័តកងទ័ព ការចល័តរថក្រោះ និងរថពាសដែកនៅយប់ថ្ងៃនេះ ចេញពីមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់សមរភូមិជួរមុខ ក្នុងខេត្តស្ទឹងត្រែង ខណៈដែលកងទ័ពកម្ពុជា-ឡាវ កំពុងតែប្រឈមមុខដាក់គ្នា ដោយសារតែការឈ្លានពានរបស់កងទ័ពរបស់ឡាវ មកលើទឹកដីកម្ពុជា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចថា «លោកអភិបាលសូមឲ្យប្រជាពលរដ្ឋ ទាំងអស់កុំឲ្យមានការភ្ញាក់ផ្អើល ព្រោះតែការចល័តកងទ័ព រថក្រោះ និងរថពាសដែក ចេញពីមូលដ្ឋានក្រុងតាខ្មៅ ឆ្លងកាត់តាមផ្លូវជាតិលេខ២ ចូលមករាជធានីភ្នំពេញ ឆ្ពោះទៅតាមផ្លូវជាតិលេខ៦A សំដៅទៅកាន់សមរភូមិជួរមុខ ក្នុងខេត្តស្ទឹងត្រែង»។
សូមបញ្ជាក់ថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះ ហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសទុកពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមរាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា៕