(សៀមរាប)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២ហើយ នៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ជាលទ្ធផល កម្លាំងប្រតិបត្តិការ បានរុះរើសំណង់ខុសច្បាប់ចំនួន២០ទីតាំង ក្នុងក្រុង-ស្រុកចំនួន៤ ខណៈដែលលទ្ធផលបានប្រព្រឹត្តទៅល្អប្រសើរ ដោយគ្មានការតវ៉ា ការប្រទូស្ដរាយ និងគ្មានអំពើហិង្សាណាមួយកើតឡើង រវាងកងកម្លាំង និងម្ចាស់ទីតាំងសំណង់ខុសច្បាប់ទាំងនោះទេ។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធិ បានបញ្ជាក់ថា សំណង់ខុសច្បាប់ចំនួន២០កន្លែង ដែលសមត្ថកិច្ចរុះរើនៅថ្ងៃនេះរួមមាន៖ ក្រុងសៀមរាប ចំនួន១៣សំណង់, ស្រុកបា្រសាទបាគង ចំនួន២សំណង់, ស្រុកអង្គរធំ ចំនួន៣សំណង់ ដោយឡែកនៅស្រុកបន្ទាយស្រី ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង មុនកាល បរិច្ឆេទកំណត់នៅថ្ងៃទី១៤ ខែសីហាខាងមុខ គឺមានចំនួន២១សំណង់ តែរើរួចរាល់នៅថ្ងៃនេះ បាន២កន្លែង។
បើតាមអភិបាលរងខេត្តរូបនេះ «សម្រាប់ដំណើរការការងារថ្ងៃនេះ គណៈកម្មការដឹកនាំ និងសម្របសម្រួលបានវាយតម្លៃ និងសន្និដ្ឋានពីស្ថានភាពទូទៅប្រព្រឹត្តដោយល្អប្រសើរ គ្មានការទាមទារតវ៉ា ពីប្រជាពលរដ្ឋ គ្មានការប្រទូស្ដរាយដោយអំពើហិង្សាណាមួយ និងគ្មានអន្ដរាគមន៍ពីកម្លាំងប្រដាប់អាវុធ នៃគណៈបញ្ជាការឯកភាពខេត្ត ដូចថ្ងៃម្សិលមិញនោះទេ»។
លោកបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថានភាពរុះរើសំណង់ខុសច្បាប់ទាំងនេះ ប្រព្រឹត្តទៅដោយរលូននោះ ក៏ព្រោះតែម្ចាស់សំណង់បានភ្ញាក់រលឹក និងស្ម័គ្រចិត្ត ដល់កិច្ចសហការពេញលេច ជាមួយក្រុមប្រតិបត្តិការគ្រប់មុខសញ្ញាទាំង៤កន្លែង តាមរយៈការខិតខំប្រឹងប្រែងចលនាអប់រំ ផ្សព្វផ្សាយពីច្បាប់ ពីគោលនយោបាយ និងវិធានផ្សេងៗទៀត ក្នុងបរិបទនៃការអភិរក្ស ថែរក្សាសម្បត្តិបេតិកភ័ណ្ឌជាតិ និងពិភពលោក។
ជាមួយគ្នានេះ ក្រុមគណៈកម្មការចម្រុះ នៅតែអំពាវនាវដល់ប្រជាជនសូមឱ្យស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយ ក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់បងប្អូនធ្ងន់ធ្ងរ។
ការអនុវត្តតាមច្បាប់នេះ គឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរ ឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ ដែលជាមរតកជាតិ ដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល៕