(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធីបតី បិទវគ្គបំប៉នជំនាញស្តីពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលវិភាគទិន្នន័យគ្រោះថ្នាក់ ដែលមានសិក្ខាកាមចំនួន១២៧រូប មកពីស្នងការដ្ឋាននគរបាលខេត្តចំនួន១៣ មានស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ជំរុញឲ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាព ជូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការងាររបស់ខ្លួន។
លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា វគ្គបំប៉នជំនាញរយៈពេលខ្លីនេះ ធ្វើឡើងក្នុងគោលបំណងបំប៉នបន្ថែម ដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក ពិសេសផ្នែកដោះស្រាយគ្រោះថ្នាក់ និងសណ្តាប់ធ្នាប់អំពីបច្ចេកទេស ការពារទីកន្លែងកើតហេតុ នីតិវិធីអង្កេតនិង ដោះស្រាយគ្រោះថ្នាក់ វិធីសាស្រ្តប្រមូលនិងវិភាគទិន្នន័យ វិធីសាស្ត្រប្រមូលនិងគ្រប់គ្រងបទល្មើសចរាចរណ៍ ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បាននាំយកនូវការផ្តាំផ្ញើរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមឲ្យមន្ត្រីនគរបាលចរាចរណ៍គ្រប់រូប ត្រូវមានក្រមសីលធម៌ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ចំពោះការងារ៕