(ពោធិ៍សាត់)៖ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចំនួន១៤រូប ក្នុងនោះអនុប្រធានមន្ទីរ១រូប ប្រធានការិយាល័យ៦រូប និងថ្នាក់អនុប្រធានការិយាល័យ៧រូប ត្រូវបានរបស់រដ្ឋបាលខេត្ត សម្រេចតែងតាំង និងប្រគល់ភារកិច្ចតាមដីកាលេខ០០៤ដ.ក/តត/ព.ស ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបំពេញប្រអប់ក្នុងរចនាសម្ព័ន្ធ។
ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជាផ្លូវការ ត្រូវបានធ្វើឡើង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាខាកាកបាទ ក្រហមខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក សាយ សុជាតិ អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោក ហួន បូនិត ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទើបតែងតាំងថ្មី មានសេចក្តីរំភើបរីករាយ ដោយបានទទួលនូវទំនុកចិត្តពីរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ តែងតាំងជាអនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យចំណុះ។ ជាការតបស្នងទៅ និងគុណបំណាច់នេះ សូមប្តេជ្ញាអនុវត្តឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា គោលការណ៍ណែនាំ និងអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ខេត្ត តាមរយៈការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងខេត្ត ពិសេសនៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។ បន្តយកចិត្តទុកដាក់ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធរក្សាចំណងសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តឱ្យបាន នូវតួនាទីភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក សាយ សុជាតិ បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ជាពិសេសមន្ត្រីប្រកាសចូលកាន់មុខតំណែងថ្មី បើពិនិត្យទៅឃើញថានៅវ័យក្មេងមានអនាគតល្អក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក សាយ សុជាតិ បានបន្តថា ការតែងតាំង និងផ្លាស់ប្តូរមុខងារ អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធាការិយាល័យទាំង១៤រូប គឺជាការបំពេញនៅក្នុងប្រអប់រចនាសម្ព័ន្ធ គឺជាកិច្ចដំណើរការនីតិវិធីរដ្ឋបាលធម្មតា ដែលបានអនុវត្តតាមស្មារតី អនុក្រឹត្យលេខ៤៩៧អនក្រ.បក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការធ្វើប្រតិភូកម្មអំណាច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាសករាជថ្មីនៃការអនុវត្តនូវកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈឲ្យកាន់តែស៊ីជម្រៅ។
លោក សាយ សុជាតិ សង្ឃឹមថាអស់លោក លោកស្រីទាំងអស់ នៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ គប្បីអនុវត្តការងារប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ គុណធម៌ និងមានមនសិកាក្នុងការចាត់ចែងកិច្ចការរដ្ឋបាល បច្ចេកទេសជំនាញធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំតាមឋានានុក្រមប្រកប ដោយភាពរលូន។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានធ្វើការផ្តាំផ្ញើ ត្រូវខិតខំរួមគ្នាធ្វើ រួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាព ពង្រឹងស្មារតីសាមគ្គី មានវប្បធម៌ចែករំលែក យកចិត្តទុកដាក់បំពេញការងារជំនាញ ស្រាវជ្រាវច្នៃប្រឌិត សិក្សាស៊ីជម្រៅ នូវតម្រូវការ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។
នៅក្នុងខណៈនោះ លោកអភិបាលរងខេត្ត ក៏បានបំពាក់គ្រឿងឥស្សរយសថ្នាក់អស្សរិទ្ធ១ និងមេដាយប្រាក់៥ ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋផងដែរ៕