(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក អឿន រតនៈ ប្រធានប្រតិភូ Miss Globle ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រិត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក (Miss Globle ) នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ដោយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសប្រមាណ៨០ ចូលរួមផងនោះ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានណែនាំឲ្យអ្នកដឹកនាំ សហការជាមួយផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើគម្រោងផែនការកម្មវិធីឲ្យបានច្បាស់លាស់ រាប់ទាំងកម្មវិធីទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាទៅកាន់គោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិសំខាន់ៗ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុន។
លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ដោយលោកបានលើកឡើងថា វាបានជួយលើកកិត្តិនាម ទេពកោសល្យរបស់បវរកញ្ញាកម្ពុជា វាក៏ជាឱកាសជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកផងដែរ។
លោក អឿន រតនៈ បានឲ្យដឹងថា ព្រឹត្តិការណ៍ Miss Globle នៅកម្ពុជា ឆ្នាំ២០១៧នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនជូនជាតិកម្ពុជា ពិសេសគឺការផ្សព្វផ្សាយតាមរយៈខ្សែវីដេអូ ដោយលោកបានមើលឃើញពីការរីកចម្រើនរបស់វិស័យទេសចរណ៍របស់ជាតិ ដែលកំពុងទាក់ទាញទេសចរកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះហើយ ទើបលោកចង់ឲ្យការផ្សព្វផ្សាយព្រឹត្តិការណ៍ទៅកាន់ពីភពលោក ភ្ជាប់ជាមួយទេសភាព និងទិដ្ឋភាពទេសចរណ៍ពិសេសៗ ក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា មុនឈានទៅដល់ព្រឹត្តិការណ៍ Miss Globle កម្ពុជាក៏នឹងមានកម្មវិធីប្រឡងកញ្ញាឯកក្នុងប្រទេសមួយផងដែរ ដើម្បីជ្រើសរើសបេក្ខនារីដែលមានសម្រស់ ទេពកោសល្យ និងសមត្ថភាពលើសគេ នៅសប្ដាហ៍ទី២ នៃខែតុលា ឆ្នាំ២០១៧ ខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Miss Globle ជាមួយបេក្ខនារីមកពីប្រទេសដទៃ នៅខេត្តសៀមរាប៕