(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធបង់ ចូលថវិកាជាតិបានចំនួន ៥,១៤៥ពាន់លានរៀល ស្មើប្រមាណជា ១,២៨៦.៤៤លានដុល្លារ កើន៣៤.៧១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំ ខែកក្កដា ឆ្នាំ២០១៧ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមាន អគ្គនាយករង លោក-លោកស្រី មន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងសូមសម្តែងនូវការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោកបានបញ្ជាក់ថា លទ្ធផលសម្រាប់ខែកក្កដា ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន៥០៣ពាន់លានរៀល ស្មើនឹងប្រមាណ១២៨.៣៧ លានដុល្លារអាមេរិក។ សម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០១៧ ចំណូលពន្ធអាករដែលប្រមូលបាន មានចំនួន ៥,១៤៥ ពាន់លានរៀល ស្មើនឹងប្រមាណជា១,២៨៦.៤៤ លានដុល្លារ ស្មើនឹង៧៥% នៃផែនការច្បាប់។ ប្រសិនបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ រយៈពេល០៧ ខែឆ្នាំ២០១៧ កើនឡើងចំនួន១,៣២៥ពាន់លានរៀល ស្មើប្រមាណជា ៣៣១.៤៤ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ៣៤.៧១%។
សម្រាប់ក្នុងរយៈពេល០៧ខែ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធ ស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង ៣១.១%, អាករលើតម្លៃបន្ថែមកើនឡើង ៣៨.៤ % ខណៈដែលអាករពិសេស កើនឡើង១០.៦% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើងចំនួន៤.៨%។
ក្នុងឱកាសនោះដែរ លោក គង់ វិបុល បានផ្តល់អនុសាសន៍ណែនាំ ដល់អង្គភាពទាំងអស់ ដែលស្ថិតក្រោមឱវាទ របស់អគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គប្រជុំដូចខាងក្រោម៖
* បន្តការអប់រំផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ និងឱ្យបានកាន់តែជ្រួតជ្រាប ថែមទៀតក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិធាន និងនីតិវិធីនៃការបង់ពន្ធ តាមប្រភេទពន្ធនីមួយៗ ជាពិសេស ពន្ធដែលពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យ ដើម្បីចៀសវាងមានការយល់ច្រឡំ ដែលនាំទៅដល់បញ្ហាផ្សេងៗកើតមានជាយថាហេតុ។
* ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរក្សាបាននូវអាកប្បកិរិយាទន់ភ្លន់ ទាំងពាក្យសម្តីទៅកាន់អ្នកជាប់ពន្ធ និងទាំងការអនុវត្តវិធានពន្ធដារ។
* ពង្រឹងនិងប្តេជ្ញាផ្តល់សេវាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារៈបរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទៅតាមការចាំបាច់។
* បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន។
* យកចិត្តទុកដាក់ពន្យល់ណែនាំ អ្នកជាប់ពន្ធតូច និងលើកទឹកចិត្តពួកគាត់ឱ្យ មកចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធ ដែលមានផលរបរប្រចាំចាប់ពី ២៥០លានរៀល ចៀសវាងដាច់ខាតការសំទ្បុតគំរាមផ្សេងៗអ្នកជាប់ពន្ធ។
* ជំរុញការងារចុះបញ្ជីពន្ធដារ ឱ្យបានកាន់តែឆាប់រហ័សថែមទៀត តាមរយៈការពង្រឹងកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការផ្តល់សេវា ចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ។
* ពិនិត្យ និងសម្រួលនីតិវិធី៎នៃការដាក់លិខិតប្រកាសបង់ពន្ធ នៅតាមនាយកដ្ឋានថ្នាក់កណ្តាល ក៏ដូចជាតាមសាខាពន្ធដារខេត្ត-ខណ្ឌ ដើម្បីកាន់តែមានភាពងាយស្រួលថែមទៀត ជូនអ្នកជាប់ពន្ធ និងដើម្បីភាពងាយស្រួលដល់រដ្ឋបាល សារពើពន្ធក្នុងការគ្រប់គ្រងតាមដាន។
* ខិតខំបន្តកិច្ចសហការជាមួយ បណ្តាប្រទេសជាដៃគូនានា ដើម្បីជំរុញការងាររៀបចំកិច្ច ព្រមព្រៀងចៀសវាងការ យកពន្ធត្រួតឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
* បន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពន្ធដារ ដើម្បីឆ្លើយតប និងសម្រួលដល់ការងារគ្រប់គ្រង ប្រមូលចំណូលពន្ធឱ្យទទួល បានប្រសិទ្ធភាពខ្ពស់ និងមានភាពងាយស្រួលច្បាស់លាស់ សម្រាប់ការអនុវត្ត។
លើសពីនេះ លោក គង់ វិបុល ក៏បានផ្តល់ការណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំ ពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនរដ្ឋ៕