(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ សហគមន៍មិត្តប្រាសាទព្រះវិហារ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះ ការរំលោភបំពានរបស់កងទ័ពឡាវ មកលើទឹកដីកម្ពុជា ត្រង់ចំណុច អូរតាង៉ាវ ស្រុកសៀងប៉ាង ព្រំដែនខេត្ត ស្ទឹងត្រែងប្រទេសកម្ពុជា នឹងខេត្តអាតាពើ ប្រទេសឡាវ។
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការរបស់សហគមន៍មិត្ត ប្រាសាទព្រះវិហារ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ ទាក់ទងនឹងការឈ្លានពាន របស់កងទ័ពឡាវ មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ត្រង់ចំណុច អូរតាង៉ាវ ស្រុកសៀងប៉ាង ព្រំដែនខេត្ត ស្ទឹងត្រែងប្រទេសកម្ពុជា នឹងខេត្តអាតាពើ ប្រទេសឡាវ
យើងខ្ញុំទាំងគ្នាជាសហគមន៍មិត្តប្រាសាទ ព្រះវិហារ សូម៖
* ថ្កោលទោស និងប្រឆាំងជាដាច់ខាត ចំពោះកាយវិការអមិត្ត និងរំលោភឈ្លាន ពានរបស់ប្រទេសឡាវមកលើកម្ពុជា
* សូមអំពាវនាវជាឧឡារិកដល់ភាគី ឡាវ ត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា ឲ្យអស់ចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ
* សូមគាំទ្រឥតរុញរានូវគ្រប់វិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហា ឡាវឈ្លានពានកម្ពុជា
* អំពាវនាវដល់ប្រទេសក្នុងតំបន់ ក្នុង ពិភពលោក ក៏ដូចជាមនុស្សជាតិទាំងអស់ ដែលស្នេហាសន្តិភាព សូមថ្កោលទោស និងដាក់សំពាធ ទៅលើប្រទេសឡាវ ដែលកំពុងតែឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និង កំពុងតែបំផ្លាញសន្តិភាព នៅក្នុងតំបន់ អាសុអគ្នេយ៍
* និងសុំឲ្យយុវជនខ្មែរ បងប្អូនខ្មែរទាំង ប្រុសទាំងស្រីគ្រប់និន្នាការ គ្រប់ទិសតំបន់ទាំងជិតទាំងឆ្ងាយងើបឡើងចាប់ដៃគ្នា ការពារអធិបតេយ្យភាព និងបូរណភាព ទឹកដីកម្ពុជា ប្រឆាំងជាដាច់ខាតនឹងការ ឈ្លានពានវាតទឹកដីរបស់ថ្នាក់ដឹកនាំឡាវ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងចេញទៅប្រទេសឡាវ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីជួបចរចាជាមួយនាយករដ្ឋមន្រ្តីឡាវ លោកថោងលន់ ស៊ីស៊ូលីត ដើម្បីស្នើឱ្យឡាវដកកងទ័ពចេញពីកម្ពុជា។ ក្នុងករណីដែលភាគីឡាវ មិនព្រមដកចេញនោះ កម្ពុជានឹងមានវិធានការផ្សេងទៀត រាប់បញ្ចូលទាំងវិធានការណ៍យោធាផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕