(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល ត្រួតពិនិត្រទីតាំងភូមិសាស្ត្រសំណង់អាណាធិបតេយ្យ មិនរៀបរយ ម្តុំទីលានចាក់សំរាមចាស់ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាណជ័យ។
អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានថ្លែងក្នុងដំណើរចុះធ្វើរដ្ឋបាល លើទឹកដីមូលដ្ឋានថា ទឹកដីខណ្ឌមានជ័យកាលពីកន្លងទៅ គឺជាខណ្ឌមួយដែលត្រូវបានប្រជាពលរដ្ឋដឹងហើយថា ជាខណ្ឌដែលមានតំបន់ មិនរៀបរយនិងមានភាពអាណាធិបតេយ្យជាច្រើន ដោយការរស់នៅរបស់បងប្អូនពលរដ្ឋ គឺមានលាយលំជាមួយបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទជាដើម។ ជាក់ស្តែងកាលពីអំឡុងជាង៥ឆ្នាំ មុនពេលដែលលោកមិនទាន់ឡើងកាន់តំណែង ជាចៅហ្វាយខណ្ឌ ពិសេសតំបន់ភូមិព្រែកទាល់ ខាងលើជាដើម ដែលជាតំបន់ស្មុគស្មាញបំផុត។
លោក ពេជ្រ កែវមុនី បានសង្កត់ធ្ងន់ទៀតថា បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ គឺជាដើមចម តែមួយគត់នៃការបំផ្លិចបំផ្លាញ ធនធានមនុស្ស ក៏ដូចជាសង្គមជាតិទាំងមូលឲ្យធ្លាក់ចុះ ព្រោះគ្រឿងញៀនជាសារធាតុម្យ៉ាង ដែលពង្វក់ស្មារតីរបស់មនុស្ស សឹងតែ១០០ភាគរយ ធ្វើមនុស្ស និងយុវវ័យមួយចំនួនត្រូវរងគ្រោះ ដោយបញ្ហាគ្រឿងញៀន។ មិនតែប៉ុណ្ណោះគ្រឿងញៀន អាចធ្វើឲ្យយើងខ្វះភាពម្ចាស់ការ លើខ្លួនឯងស្ទើតែទាំងស្រុង ដែលជាហេតុធ្វើឲ្យសង្គមមនុស្សត្រូវធ្លាក់ចូល ក្នុងភ្នក់ភ្លើងដោយសារវាដូច្នេះហើយ សូមបងប្អូន និងយុវវ័យត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន។
លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា ក្រោមការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ជាច្រើន ក្នុងការបើកយុទ្ធនាការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទនោះ បច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា មួយរយៈពេលក្រោយមកនេះបញ្ហានេះ គឺមានការថបថយចុះគួរឲ្យចាប់អារម្មណ៍ និងជាទីមោទនៈណាស់៕