(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ អាហារមួយពេល និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា កុមារក្រីក្រ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម និងគ្រូ-បុគ្គលិក សរុបចំនួន ១១៧នាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ នៅក្នុងសមាគមនេះ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ បន្ថែមពីនេះ សូមក្មួយៗទាំងអស់ បំពេញកាតព្វកិច្ចជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជៀសវាងការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តនូវអំពើអបាយមុខ និងសេពគប់មិត្តមិនល្អ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានោះ លោក ប៉ាត ណូន ប្រធានក្រុមប្រឹក្សានៃសមាគម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងបានឧបត្ថម្ភជាបន្តបន្ទាប់ចំនួន ៥លើក ដល់សមាគម ថែមទាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌទៀតផង។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនសមាគមរស្មីកុមារកំព្រារួមមាន ៖ អង្ករ ២តោន មីយើង ៣០កេស ត្រីខ ៥កេស ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ប្រេងឆា ២៤ដប និងថវិកា ៥លានរៀល។ ដោយឡែក កុមារ សិស្ស គ្រូ និងបុគ្គលិក ទទួលបានអាហារថ្ងៃត្រង់ម្នាក់ ១ប្រអប់ និងថវិកាមួយចំនួន៕