(ភ្នំពេញ)៖ ការប្រគំតន្ត្រីសប្បុរធម៌ធំមួយ មានឈ្មោះថា «សុបិន្តនៃក្ដីស្រឡាញ់សម្រាប់អនាគត» ស្ដីពីរួមគ្នាលុបបំបាត់គ្រឿងញៀន ត្រូវបានភាគីកូរ៉េ គឺលោកស្រី Yoo Rina ជាជនជាតិកូរ៉េ និងនាយកមូនិធិវប្បធម៌កម្ពុជាអន្តរជាតិ ដែលជាអ្នករៀបចំកម្មវិធី និងលោក Kim Sungman ជាជនជាតិកូរ៉េដូចគ្នា ជាអ្នកសហការរៀបចំ និងជានាយកកម្មវិធីតន្ត្រីសប្បុរសធម៌ ជាអ្នករៀបចំ ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ សីហា ត្រូវបានលោក សាម៉ន បណ្ឌិត្យ នៅតែមានការបារម្ភភ័យខ្លាចការប្រគំតន្ត្រី រយៈពេលច្រើនថ្ងៃនេះ មិនទទួលជោគជ័យ។ ក្នុងនោះលោកបានប្រកាសឲ្យមានការជ្រោមជ្រែង ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដើម្បីឲ្យមានការទ្រទ្រង់នូវថវិកាមួយផ្នែកផង និងដើម្បីឲ្យមានការចូលរួមកាន់តែខ្លាំង។
លោក សាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍ NTV ដែលទទួលសិទ្ធិផ្ដាច់ មុខក្នុងការបន្តផ្ទាល់ពីការប្រគំតន្ត្រីនេះ បានអះអាងថា មកទល់ពេលនេះ ការប្រគំតន្ត្រីទាំងមូលមានការប្រឈមជុំវិញ ការចំណាយអស់យ៉ាងច្រើនលើសលប់ ដែលការចំណាយទាំងនោះ គឺជាបន្ទុកដ៏ធំរបស់លោកស្រី យូរីណា និងលោកគីម ដែលជាអ្នកផ្ដើមគំនិតបោះទុនរៀបចំ។ លោកថា ការប្រគំតន្ត្រីមួយនេះ គឺដើម្បីប្រយោជន៍សង្គម ដូច្នេះលោកទទូចឲ្យមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដោយក្រៅពីមានការសហការ ក៏ត្រូវរួមចំណែកជួយជាថវិកា មួយផ្នែកផងដែរ ដើម្បីកុំឲ្យភាគីកូរ៉េ ដែលជាអ្នកទទួលបន្ទុក មានការចំណាយកាន់តែច្រើន ហើយធ្វើឲ្យភាគីទាំង២ មានគំនិតរារែកក្នុងការប្រគំតន្ត្រី បែបសប្បុរសធម៌លើកក្រោយៗ។
ដោយឡែក តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញសេចក្ដីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ដោយមានវត្តមានក្នុងតន្រ្ដីសប្បុរសធម៌មួយនេះ ដោយនាងបាននិយាយថា «កាលដែលនាងខ្ញុំមកចូលរួម ក្នុងវេទិកាសន្និសីទសារព័ត៌មានថ្ងៃនេះ គឺនាងខ្ញុំសប្បាយចិត្ត ស្ម័គ្រចិត្ត ក្នុងការចូលរូមនូវយុទ្ធនាការតន្រ្ដីសប្បុរសធម៌ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀន ក៏ដូចជាជួយទប់ស្កាត់ទាំងអស់គ្នា និងការស្រលាញ់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យបច្ចុប្បន្ន»។
កញ្ញា ឱក សុគន្ធកញ្ញា បានបន្ថែមទៀតថា «ការស្ម័គ្រមួយនេះ រាល់ការផ្សព្វផ្សាយ គឺនាងខ្ញុំពេញចិត្តចូលរួម ដោយសារតែសង្គមជាតិយើងទាំងមូលត្រូវការ ការសហការគ្នា ហើយអ្វីដែលសំខាន់គឺ នាងខ្ញុំមានកិត្តិយសដែលស្ថានីយទូរទស្សន៍ NTV ផ្ដល់កិត្តិយសឲ្យនាងខ្ញុំ ដែលជាតារាកិត្តិយស។ នាងខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នា ក៏ដូចជាពលរដ្ឋទាំងអស់ នឹងជួយសហការណ៍ជាមួយពួកយើង ដើម្បីសង្គមជាតិយើងទាំងមូល»។
គួរបញ្ជាក់ថា កម្មវិធីនេះ គឺរៀបចំដោយភាគីកូរ៉េ ហើយលោកសាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍NTV ជាអ្នកសម្របសម្រួលក្នុងផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍NTV ហើយនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី រយៈពេលប៉ុន្មានថ្ងៃនេះ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា នឹងត្រូវបង្ហាញវត្តមាន នៅថ្ងៃទី១៩ ខែសីហា នៅបុរីចំការដូង។ ដោយឡែកនៅថ្ងៃប្រគំតន្ត្រីថ្ងៃផ្សេងៗ មានតារាចម្រៀងល្បីៗផ្សេងៗឆ្លាស់គ្នា ច្រៀងដូចជាលោក នេន ទុំ និងតារាចម្រៀងមកពីផលិតកម្ម BNជាដើម៕