(សៀមរាប)៖ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការរបស់លោក ទៀ សីហា ជាអភិបាលរងខេត្ត ក្រោមអធិបតីភាពលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះលោក លេង វី បានផ្ដាំផ្ញើដល់ លោក ទៀ សីហា ដែលអភិបាលរងខេត្តសៀមរាបនេះ ត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងត្រូវបង្កើន ការសាមគ្គីផ្ទៃក្នុងឲ្យបានកាន់តែប្រសើរថែមទៀត ជៀសវាងនាំឲ្យមានការថ្នាំងថ្នាក់ផ្សេងៗ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក លេង វី ដែលជាកាយវិការបង្ហាញឲ្យឃើញនូវប្រពៃណី នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ចំពោះមន្រ្តីថ្នាក់ដឹកនាំនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និងជាការលើកទឹកចិត្ត ដល់មន្រ្តីរាជការ ឲ្យបន្តខិតខំបំពេញភារកិច្ចកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើជាតិមាតុភូមិ។
ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនេះ រដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងដឹកនាំចាត់ចែង និងសម្របសម្រួលយន្តការ ដែលមានលក្ខណៈជាពហុវិស័យ ឲ្យប្រព្រឹត្តទៅស៊ីសង្វាក់ ប្រទាក់ក្រឡា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន លើវិស័យកំណែទម្រង់នានា ដែលបានធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវ អត្ថប្រយោជន៍ប្រកបដោយសមធម៌លើការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គម មានជាអាទិ៍ សន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការកែលម្អសោភ័ណភាពក្រុង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ព្រមទាំងសមិទ្ធផលផ្សេងៗទៀតជាច្រើន៕