(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៥៦៨ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងដកហូតបានវត្ថុតាងមួយចំនួនធំ វេលាម៉ោង២៖០០នាទីយប់ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈនៅរសៀលនេះ ជនសង្ស័យទាំងនោះ ត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ។

លោកវរសេនីយ៍ត្រី ស្រៀន ចាន់តារា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ ឡុង ឌីណា អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ សាន សុវ៉ាន់ឌី អាយុ២៧ឆ្នាំ, ទី៣៖ ឈ្មោះ សៀង ហៃ អាយុ២២ឆ្នាំ, ទី៤៖ ឈ្មោះ ឡាយ សេង អាយុ១៨ឆ្នាំ, ទី៥៖ ឈ្មោះ សុខ ណារ៉ែន អាយុ៣៤ឆ្នាំ, ទី៦៖ ឈ្មោះ សៀង សុជាតិ អាយុ១៦ឆ្នាំ, ទី៧៖ ឈ្មោះ ភួង វីរ: អាយុ២៤ឆ្នាំ , និងទី៨៖ ឈ្មោះ សូត្រ សុខវេង អាយុ៣៦ឆ្នាំ ជនសង្ស័យទាំង៨នាក់ខាងលើរស់នៅក្រុងប៉ោយប៉ែតជាមួយគ្នា។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន៦គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងចំនួន៣វង់, នាឡិកាដៃចំនួន២គ្រឿង, ប្រាក់ថៃចំនួន៤,១០០បាត, ប្រាក់ខ្មែរចំនួន៣១៥០០រៀល, គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កូនថង់។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាងត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕