(កណ្តាល)៖ ការដាក់ឲ្យដេញថ្លៃគន្លងដាយនៅឆ្នាំ២០១៨នេះ មានការកើនឡើង រហូតដល់៤០០ភាគរយ នៃតម្លៃដែលដេញគន្លងដាយត្រី បើប្រៀបធៀនឆ្នាំ ២០១៧នោះ។ នេះបើយោងតាមលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីដេញថ្លៃ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ការដាក់ឲ្យដេញថ្លៃនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឃឹម ច័ន្ទគីរី អភិបាលរងខេត្ត, លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្ត, ប្រធានអាជ្ញាធរទន្លេសាប, ប្រធាននាយកដ្ឋានទ្រព្យរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធាននាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។
លោក វ៉ិត ធារិទ្ធ បានលើកឡើងថា គន្លងចំនួន១៩គន្លង ប៉ុន្តែអ្នកចូលរួមដាក់ពាក្យដេញថ្លៃនោះ គឺដាក់ពាក្យដេញថ្លៃតែ៥គន្លងតែប៉ុណ្ណោះ ហើយចំពោះអ្នកចូលរួមដេញថ្លៃ អាចអនុញ្ញាតិឲ្យចូលរួមតែ២នាក់ ក្នុងមួយឈ្មោះ ហើយត្រូវមានប័ណ្ណសំគាល់ចេញដោយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ភ្ជាប់មកជាមួយពាក្យស្នើសុំ និងប្រាក់កក់ បណ្តោះអាសន្នស្មើ១ភាគ៣ នៃថ្លៃឈ្នួលដាយត្រី ដែលបានដេញឈ្នះនោះ។
លោកបានបន្តថា ចំពោះអ្នកចូលរួមដេញថ្លៃមិនអនុញ្ញាតិឲ្យអ្នកដទៃ មកចូលដេញថ្លៃជំនួសឡើយ បើចាំបាច់ទាល់ តែមានលិខិតផ្ទេរសិទ្ធិពីឈ្មោះអ្នកដែលបានដាក់ពាក្យដេញថ្លៃ ដោយមានការទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់ និងមានយល់ព្រមពីគណៈកម្មការដេញថ្លៃ ដោយមានបង្កាន់ដៃទទួលពាក្យ ភ្ជាប់មកជាមួយផងដែរ។
ចំពោះអ្នកបានដាក់ពាក្យដេញថ្លៃរួចហើយ តែបែរជាមិនចូលរួមដេញថ្លៃវិញ ប្រាក់កក់បណ្តោះអាសន្ន នឹងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ប៉ុន្តែចំពោះអ្នកចូលរួម បើគណៈកម្មការធ្វើការស្រាវជ្រាវរកឃើញថា មានជំពាក់ប្រាក់ឈ្នួលដាយត្រី ឬប្រាក់ពន្ធដានោះ គណៈកម្មការមិនអនុញ្ញាតិឲ្យចូលរួមដេញថ្លៃឡើយ។
នាយខណ្ឌរដ្ឋបាលជលផល បន្តទៀតថា ឆ្នាំនេះការដេញថ្លៃគន្លងដាយ គឺប្រព្រឹត្តទៅដោយរលូន ហើយអតិថិជនចូលរួមគឺសុទ្ធតែមានឆន្ទៈ ក្នុងការចូលរួម ដោយពួកគាត់មិនកេងយកចំណេញច្រើន ដោយគាត់ហ៊ានដេញក្នុងតម្លៃខ្ពស់ ធ្វើឲ្យចំណូលដែលបានពីគន្លងដាយនេះ មានកំណើនរហូតដល់ទៅ៤១៥ភាគរយ ស្មើ១៣,០១០លានរៀល បើប្រៀបធៀនឆ្នាំ២០១៧។
លោកបញ្ជាក់ថា ចំពោះគន្លងដាយដែលបានដាក់ដេញថ្លៃទាំង៥គន្លងនោះ គន្លង១១សេ បានទៅឈ្មោះ វង ឃីម ក្នុងតម្លៃ២៣លានរៀល, គន្លង១១ដេ បានទៅឈ្មោះ ហែម សុវណ្ណ ក្នុងតម្លៃ១៦លានរៀល, គន្លង១៥អា បានទៅឈ្មោះ ឡោ វ៉ៃ ៤១៨លានរៀល, គន្លង១៥បេ បានទៅឈ្មោះ សាំង សីហា ក្នុងតម្លៃ៥៧២លានរៀល និងគន្លង១៥សេ បានទៅឈ្មោះ នុត សារុំ ៦៩៥លានរៀល៕