(ភ្នំពេញ)៖ ក្រុមប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ រួមជាមួយម៉ូតូ២គ្រឿង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបខណៈដែលពួកគេ កំពុងពពាក់ពពូនជក់ថ្នាំញៀន នៅចំណុចផ្ទះជួលភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។ ការចុះប្រតិបត្តិការបង្ក្រាបនេះក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាប បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ រួមមាន ទី១៖ ជាបងធំផ្តើមគំនិតប្រមូលគ្នាជក់ មានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែកមានទីលំនៅ ផ្ទះកើតហេតុខាងលើ, ទី២៖ ឈ្មោះ យ៊ា សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប, ទី៣៖ ឈ្មោះ ទ្រី គីមហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិកើតហេតុ, ទី៤៖ ឈ្មោះ ឌិន រីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិកើតហេតុ។

នាយប៉ុស្តិ៍នគរបាលដដែល បានឲ្យដឹងថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ សហការល្អរាយការណ៍ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលប៉ុស្តិ៍កាកាប ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍រដ្ឋបាល ចុះទៅក្រសោបបានទាំង៤នាក់ជាក់ស្តែង កំពុងប្រព្រឹត្តប្រើប្រាស់គ្រឿងញៀនតែម្តង ហើយក្រុមទាំងនោះតែងតែបង្កភាព អនាធិបតេយ្យ ស្រែកឡូឡារំខានដល់អ្នកជិតខាង ភ័យខ្លាចផងដែរ។

តាមសម្តីជនសង្ស័យម្នាក់ឈ្មោះ យ៊ា សំណាង បានឲ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារជាងផ្សារដែកភ្លាម មិនទាន់ទាំងហូបបាយផង បាននាំគ្នាទៅផ្ទះជនសង្ស័យ គង់ វុទ្ធី ដើម្បីជក់គ្រឿងញៀន ហើយទើបតែដុតបង្ហុយអស់ថ្នាំ១កញ្ចប់ នគរបាលមកដល់ល្មម។ ជនសង្ស័យក្រោយពីឃាត់ខ្លួនបានរួមជាមួយវត្ថុតាង ដកហូតបាន ថ្នាំញៀន១កញ្ចប់តូច ដបសម្រាប់ជក់ថ្នាំញៀន ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ៧គ្រឿង និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន ជំនាញនគរបាលប៉ុស្តិ៍កាកាបកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕