(ភ្នំពេញ)៖ អនុប្រធាននាយដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី លោកស្រី ប៉ែន គន្ធា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមកាន់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារី ព្រោះថាប្រព័ន្ធផ្សព្វផ្សាយ គឺជាផ្នែកមួយដែលមានឥទ្ធិពលលើការផ្លាស់ប្តូរ ឥរិយាបទរបស់អ្នកមើល និងអ្នកទស្សនា។
ការថ្លែងបែបនេះរបស់ អនុប្រធាននាយដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី គឺធ្វើឡើងក្នុងឱកាសលោកស្រី បានអញ្ជើញចូលរួមផ្សព្វផ្សាយការ «ប្រកាសរួមស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅភៅជនីយដ្ឋានអ័រគីដេ ស្ថិតនៅផ្លូវប៉ាស្ទ័រ សង្កាត់ផ្សារកណ្តាល៣ ខណ្ឌដូនពេញ ក្រុងភ្នំពេញ។
លោក អ្នកស្រី ប៉ែន គន្ធា បានថ្លែងថា ប្រសិនបើយើងផ្សព្វផ្សាយព័ត៌មានបែបវិជ្ជមានមានន័យថា ជួយផ្តល់វិធីសាស្ត្រ ឬដំណោះស្រាយដើម្បីឲ្យបុរសជាគោលដៅដែលបង្កអំពើហិង្សាបានយល់ដឹងអំពីទោសទាន់ដែលបង្កដោយខ្លួន ដើម្បីស្វែងយល់បន្ថែមពីតម្លៃរបស់ស្ត្រី កុមារ និងបុរសមានសិទ្ធិស្មើរ គ្នាចំពោះមុខច្បាប់ និងការរស់នៅក្នុងសង្គមជាតិទាំងមូល។
លោកស្រី ប៉ែន គន្ធា បានបន្តថា ប្រសិនបើបណ្តាញផ្សព្វផ្សាយចុះផ្សាយព័ត៌មានរបស់ខ្លួន បែបអវិជ្ជមានវានឹងក្លាយជាកាំបិតមុខពីរធ្វើឲ្យអ្នកទស្សនា តាមដាន អ្នកអានអ្នកស្តាប់គាត់អត់ដឹងពីរបៀបដោះស្រាយដូចម្តេច គឺឃើញតែរបៀបបង្កហិង្សាដូច្នេះ ហើយជាហេតុបង្កឲ្យមានអំពើហិង្សាលើស្ត្រី និងកុមារ។
លោកស្រី ប៉ែន គន្ធា បានបញ្ជាក់ថា ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយនូវព័ត៌មានមិនពិត មិនឲ្យតម្លៃទៅលើសង្គមពិសេសមិនបានអប់រំលើកកម្ពស់តម្លៃស្ត្រី និងកុមារជាបញ្ហាគ្រោះថ្នាក់ដ៏ធំដែលបង្កើតឲ្យមានអំពើហិង្សាកើតឡើងក្នុងសង្គមកាន់តែខ្លាំងបន្ថែមទៀតនាំឲ្យការគោរពសិទ្ធិមនុស្ស មានភាពមិនស្មើរគ្នា ធ្វើឲ្យបង់តម្លៃរបស់ខ្មែរនៅក្នុងសង្គមកម្ពុជា៕