(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតអាស៊ាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ពាណិជ្ជកម្មសរុបរបស់អាស៊ានស្ថិតនៅលំដាប់លេខ៤ បន្ទាប់ពីចិន សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នៅឆ្នាំ២០១៥។
ការថ្លែងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើឡើងនាគ្រាដែលអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីប្រារព្វខួបលើកទី៥០ នៃការបង្កើតអាស៊ាន និងមានការចូលរួមពី ឯកអគ្គរាជ និងឯកអគ្គរដ្ឋទូត បណ្តាប្រទេសនានាប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នោះថា «ប្រសិនបើយើងគិតដល់អាស៊ានជាប្រទេសមួយនោះ គឺជាមហាអំណាចពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅលើសកលលោក ដោយឈរនៅលំដាប់ទី៦លើពិភពលោក បើគិតទៅលើផលទុនជាតិសរុបរួមគ្នា»។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន ស្ថិតនៅលំដាប់លេខ៤ បន្ទាប់ពីចិន សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។អាស៊ាន បានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសនូវទឹកប្រាក់ ១២១ពាន់លានដុល្លារ ពោលគឺស្មើនឹង៧% នៃលំហូរ វិនិយោគផ្ទាល់ ពីបរទេសនៅលើពិភពលោក។
លោកថា ដោយមានប្រជាជនជាង ៦០០ លាននាក់ ទីផ្សារដែលមានសមាហរណកម្មខ្លាំងឡើង ជាមួយនឹងការពង្រឹងការ តភ្ជាប់អាស៊ានបានឈរ នៅលើទីតាំងដ៏ប្រសើរមួយ ក្នុងន័យនៃការប្រកួតប្រជែង និងការទាក់ទាញទាំងផ្នែកទីផ្សារ និងខែ្សសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងទៀតថា ការបង្កើតសហគមន៍អាស៊ាន នៅចុងឆ្នាំ២០១៥ និងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមជាមួយឯកសារគ្រឹះរបស់សហគមន៍ទាំង៣ គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ និងផែនការមេនៃការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ នឹងនាំអាស៊ានឆ្ពោះទៅកាន់សមាហរណកម្មស៊ីជម្រៅថែមទៀត ព្រមទាំងពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជម្រុញដំណើរការសហគមន៍។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្ថែមថា បច្ចុប្បន្ននេះ អាស៊ានមានដៃគូសន្ទនាចំនួន១០ភាគី ដែលភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ មានចំនួន៣៥ និងមានឯកអគ្គរាជទូត/រដ្ឋទូតចំនួន៨៧ ដែលបានផ្តល់សារតាំងដល់ក្រុមតំបន់នេះ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា «ចំណាប់អារម្មណ៍ពី ប្រទេសនៅក្រៅតំបន់ និងអង្គការតំបន់ផ្សេងទៀត នៅអាស៊ីអាហ្វ្រិក និងអាមេរិកឡាទីន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន បន្តកើនឡើង ដែលជាសក្ខីកម្មជាក់ច្បាស់ពីការជឿជាក់របស់គេចំពោះតំបន់ដ៏គួរឲ្យកត់សំគាល់នេះ និងអារម្មណ៍ចង់បានជាខ្លាំងចំពោះជោគជ័យរបស់យើង»៕